អត្តទណ្ឌសូត្រទី ១៥

ក្បាលទី 38 · ទំព័រ 691

( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) ភ័យកើតមកពី អាជារបស់ខ្លួន ( សេចក្តីប្រព្រឹត្តកាចអាក្រក់របស់ខ្លួន ) អ្នក ទាំងឡាយ ចូរមើលជនអ្នកទាស់ទែងគ្នា តថាគត ( កាលនៅជា ពោធិសត្វ ) បានតក់ស្លុតហើយយ៉ាងណា តថាគតនឹងសម្តែង នូវសេចក្តីតក់ស្លុតយ៉ាងនោះ ( ដល់អ្នកទាំងឡាយ ) ។ ភ័យ មកកាន់តថាគត ព្រោះឃើញពួកសត្វកំពុងញាប់ញ័រ ( ដោយ តណ្ហាជាដើម ) ដូចពួកមច្ឆជាត ក្នុងទីមានទឹកតិច ព្រោះឃើញ សត្វលោក បៀតបៀនគ្នានិងគ្នា ។ លោកមិនមានខ្លឹមសារ ដោយជុំវិញ ទិសទាំងពួងរមែងញាប់ញ័រ តថាគត កាលប្រាថ្នា នូវភព ( ជាទីពឹង ) របស់ខ្លួន ក៏មិនបានឃើញភពណាមួយ ដែលជរាធម៌ជាដើម ជិះជាន់មិនបាន សេចក្តីមិនរីករាយ បាន កើតមានដល់តថាគតហើយ ព្រោះបានឃើញសត្វទាំងឡាយត្រ ូវជរាធម៌ជាដើមបៀតបៀនហើយ ក្នុងកាលជាទីបំផុត តពី នោះមក តថាគតបានឃើញសរ ដែលគេឃើញបានដោយកម្រ អាស្រ័យនៅក្នុងហបឫទ័យ ក្នុងសត្វទាំងឡាយនោះ ។ សត្វលោក ដែលសរដោតជាប់ហើយ រមែងស្ទុះទៅកាន់ទិសផ្សេងៗ បុគ្គលជាបណ្ឌិតដកសរនោះបាន ទើបមិនស្ទុះទៅ មិនលិចចុះ ។ ( អារម្មណ៍ជាទីស្រឡាញ់ គឺបញ្ចកាមគុណណា មានក្នុងលោក ) ប្រជុំជនតែងសម្តែងនូវភាសិត ជាគ្រឿងសិក្សា ( មានការសិក្សា ដំរីជាដើម ) ដើម្បីឲ្យបានអារម្មណ៍ជាទីស្រឡាញ់នោះ បណ្ឌិត មិនគួរខ្វល់ខ្វាយក្នុងបញ្ចកាមគុណ ឬក្នុងកិច្ចសិក្សានោះឡើយ គប្បីនឿយណាយក្នុងកាមារម្មណ៍ ដោយប្រការទាំងពួង គប្បី សិក្សានូវព្រះនិព្វាន បម្រុងខ្លួន ។