អដ្ឋកថា អត្តទណ្ឌសូត្រទី ១៥
ក្នុងអត្តទណ្ឌសូត្រទី ១៥ មានពាក្យផ្តើមថា អត្តទណ្ឌា ភយំ ជាតំ ដូច្នេះ សួរថា ព្រះសូត្រនេះ មានអត្ថុប្បត្តិហេតុដូចម្តេច ឆ្លើយថា ព្រះសូត្រ នេះ មានអត្ថុប្បត្តិហេតុដូចតទៅ ព្រះមានព្រះភាគ ទ្រង់ជ្រាបការឈ្លោះគ្នា ព្រោះរឿងទឹករបស់សក្យៈ និងកោលិយៈ ដូចបានពណ៌នាក្នុងអត្ថុប្បត្តិហេតុ នៃសម្មាបរិព្វាជនិយសូត្រ ទ្រង់ព្រះតម្រិះថា ពួកព្រះញាតិទាស់ទែងគ្នា ណ្ហើយចុះ តថាគតនឹងឃាត់ព្រះញាតិទាំងនោះ ដូច្នេះហើយ ទើបយាងទៅ ប្រថាប់ឈរត្រង់កណ្តាល នៃពួកសេនាទាំងសងខាង ហើយទើបត្រាស់ព្រះសូត្រ នេះ ។ ក្នុងសូត្រនោះ គប្បីជ្រាបសេចក្តីក្នុងគាថាដើមដូច្នេះថា ភ័យកើតឡើង ក្នុងបច្ចុប្បន្ន និងសម្បរាយភព ភ័យទាំងអស់នោះ កើតអំពីទោសរបស់ខ្លួន គឺកើតអំពីហេតុទុច្ចរិតរបស់ខ្លួន កាលបើយ៉ាងនេះ ចូរអ្នកទាំងឡាយមើល ជនដែលទាស់ទែងគ្នា ចូរមើលជន មានសក្យៈជាដើមនេះឈ្លោះគ្នា ប្រទូស្ត គ្នា បៀតបៀនគ្នានិងគ្នា ។ ព្រះមានព្រះភាគ កាលទ្រង់តិះដៀលជនដែលពិរោធ ឈ្លោះប្រកែកគ្នា ដែលបដិបត្តិខុសយ៉ាងនេះហើយ ដើម្បីឲ្យកើតនូវសេចក្តីសង្វេគដល់ជនទាំងនោះ ដោយការសម្តែងសម្មាបដិបត្តិរបស់ព្រះអង្គ ទើបត្រាស់ថា សំវេគំ កិត្តយិស្សាមិ យថា សំវិជិតំ មយា ដូច្នេះ អធិប្បាយថា ធ្លាប់ជាព្រះ ពោធិសត្វមកហើយនោះឯង ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងប្រការតាមដែលទ្រង់ សង្វេគមកហើយ ទើបត្រាស់ពាក្យជាដើមថា ផន្ទមានំ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា ផន្ទមានំ បានដល់ ពួកសត្វកំពុងអន្ទះអន្ទែង ដោយតណ្ហា និងទិដ្ឋិ ។