អដ្ឋកថា បុណ្ណកប្បញ្ហាទី ៣
បុណ្ណកប្បបញ្ញាទី ៣ ក្នុងបុណ្ណកប្បញ្ញាទី ៣ មានពាក្យផ្តើមថា អនេជំ ដូច្នេះ ជាដើម ។ សូម្បីសូត្រនេះ ព្រះមានព្រះភាគក៏ទ្រង់ឃាត់មោឃរាជដោយ ន័យមុននោះឯង ។ ក្នុងបទទាំងនោះ បទថា មូលទស្សាវឹ បានដល់ ជាអ្នកឃើញឫសគល់ អកុសលមូលជាដើម ។ បទថា ឥសយោ សេចក្តីថា ជដិលជាឈ្មោះ មួយរបស់ឥសី ។ បទថា យញ្ញំ បានដល់ ទេយ្យធម៌ ។ បទថា អកប្បយឹសុ បានដល់ ស្វែងរក ។ បទថា អាសឹសមានា បានដល់ ប្រាថ្នារូបជាដើម ។ បទថា ឥត្ថតំ បានដល់ ប្រាថ្នាយ៉ាងនេះ អធិប្បាយថា ប្រាថ្នានូវភាពជាមនុស្សជាដើម ។ បទថា ជរំ សិតា បានដល់ អាស្រ័យជរា ។ ក្នុងបទនេះ លោកពោល ដល់ទុក្ខក្នុងវដ្តៈទាំងអស់ ដោយមាតិកា គឺជរា ។ ដោយហេតុនោះ ទើប ព្រះមានព្រះភាគទ្រង់សម្តែងថា សត្វទាំងឡាយអាស្រ័យទុក្ខក្នុងវដ្តៈ កាល មិនផុតអំពីទុក្ខនោះ ទើបប្រាថ្នាយ៉ាងនេះ ។ យញ្ញនោះឯង ឈ្មោះថា យញ្ញបថ ក្នុងបទនេះថា កច្ចិស្សុ តេ ភគវា យញ្ញបថេ អប្បមត្តា អតារុ ជាតិញ្ច ជរញ្ច មារិស លោកអធិប្បាយថា សត្វទាំងនោះ ជាអ្នកមិនប្រមាទក្នុងយញ្ញ ប្រារព្ធយញ្ញឆ្លងផុតទុក្ខក្នុងវដ្តៈ បានខ្លះឬទេ ។ បទថា អាសឹសន្តិ សេចក្តីថា សត្វទាំងឡាយប្រាថ្នាការបានរូបជាដើម ។ បទថា ថោមយន្តិ បានដល់ សរសើរយញ្ញជាដើម ដោយន័យជាដើមថា ខ្ញុំ ឲ្យរបស់ដែលល្អហើយ ។ បទថា អភិជប្បន្តិ បានដល់ រមែងបន្លឺវាចាដើម្បី បានរូបជាដើម ។ បទថា ជុហន្តិ បានដល់ រមែងឲ្យ ។ បទថា កាមាភិជប្បន្តិ បដិច្ច លាភំ បានដល់ សត្វទាំងឡាយ រមែងខ្សឹកខ្សួលដល់កាម រឿយៗ ព្រោះអាស្រ័យការបានលាភ មានរូបជាដើម គឺរមែងពោលថា ធ្វើ ដូចម្តេចល្អហ្ន៎ កាមទាំងឡាយ គប្បីមានដល់អញ ។