មេត្តគូបញ្ហាទី ៤

ក្បាលទី 38 · ទំព័រ 761

មេត្តគូបញ្ញាទី ៤ ( មេត្តគូមាណពដ៏មានអាយុ ទូលសួរថា ) បពិត្រ ព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គ ត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គសម្គាល់ ឃើញថា ព្រះអង្គជាអ្នកដល់វេទ ជាអ្នកមានខ្លួនបានអប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការ ក្នុងលោកនេះ កើតមកអំពីអ្វី ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលមេត្តគូ ) អ្នកបានសួរអំពីដែនកើតនៃទុក្ខចំពោះតថាគត តថាគតនឹងប្រាប់ ដែនកើតនៃទុក្ខនោះដល់អ្នក តាមដែលបានដឹងច្បាស់ សេចក្តី ទុក្ខទាំងឡាយណាមួយ ច្រើនប្រការ ក្នុងលោកនេះ រមែងកើតឡើង ព្រោះឧបធិ បុគ្គលណាជាអ្នកល្ងង់ខ្លៅ មិនចេះដឹង តែង ធ្វើឧបធិឲ្យកើតឡើង បុគ្គលនោះ រមែងបានទុក្ខរឿយៗ ព្រោះ ហេតុនោះ បុគ្គលកាលដឹងច្បាស់ ពិចារណាឃើញរឿយៗ នូវ កំណើតជាដែនកើតនៃទុក្ខ មិនត្រូវធ្វើឧបធិឡើយ ។ ពួកខ្ញុំព្រះអង្គបានទូលសួរបទណា ព្រះអង្គក៏បានដោះស្រាយ បទនោះ ពួកខ្ញុំព្រះអង្គសូមទូលសួរបទដទៃទៀត សូម ព្រះអង្គសម្តែង អ្នកប្រាជ្ញទាំងឡាយ រមែងឆ្លងផុតឱឃៈផង ជាតិ និងជរាផង សោក និងសេចក្តីខ្សឹកខ្សួលផង ដោយហេតុ ដូចម្តេច សូមព្រះអង្គជាព្រះមុនី ដោះស្រាយបទនោះដល់ខ្ញុំ ព្រះអង្គ ព្រោះថា ធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ ។ ( ព្រះមានព្រះភាគទ្រង់ដោះស្រាយថា ម្នាលមេត្តគូ ) បុគ្គលមានសតិ គួរដឹងច្បាស់នូវធម៌ណា ហើយឆ្លងតណ្ហាដែល ផ្សាយទៅផ្សេងៗ ក្នុងលោកបាន តថាគតនឹងសម្តែងនូវធម៌នោះ ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ក្នុងបច្ចុប្បន្ននេះដល់អ្នក ។