អដ្ឋកថា ឧបសីវប្បញ្ហាទី ៦
ឧបសីវប្បញ្ញាទី ៦ ក្នុងឧបសីវប្បញ្ញាទី ៦ មានពាក្យផ្តើមថា ឯកោ អហំ ដូច្នេះ ក្នុងបទទាំងនោះ បទថា មហន្តមោឃំ កាត់បទជា មហន្តំ ឱឃំ បានដល់ អន្លង់ទឹកធំ ។ បទថា អនិស្សិតោ បានដល់ មិនអាស្រ័យធម៌ ឬ បុគ្គល ។ បទថា នោ វិសហាមិ បានដល់ ខ្ញុំព្រះអង្គមិនអាច ។ បទថា អារម្មណំ បានដល់ ធម៌ជាទីអាស្រ័យ ។ បទថា យំ និស្សិតោ បានដល់ អាស្រ័យធម៌ ឬបុគ្គល ។ ឥឡូវនេះ ព្រោះព្រាហ្មណ៍នោះបានអាកិញ្ចញ្ញាយតនៈ តែមិនដឹងធម៌ ជាទីអាស្រ័យមាន ព្រោះហេតុនោះ ព្រះមានព្រះភាគកាលទ្រង់សម្តែង ធម៌ជាទីអាស្រ័យ និងផ្លូវដែលជាគ្រឿងនាំចេញក្រៃលែងឡើងដល់ព្រាហ្មណ៍ នោះ ទើបត្រាស់គាថាថា អាកិញ្ចញ្ញំ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា បេក្ខមានោ បានដល់ សម្លឹង គឺមានសតិ ចូលអាកិញ្ចញ្ញាយតនសមាបត្តិនោះ និងចេញចាកអាកិញ្ចញ្ញាយតនសមាបត្តិ ហើយ ពិចារណាដោយភាពជារបស់មិនទៀងជាដើម ។ បទថា នត្ថីតិ និស្សាយ បានដល់ ធ្វើសមាបត្តិដែលប្រព្រឹត្តទៅហើយនោះឲ្យជាអារម្មណ៍ថា អ្វីមិនមាន ។ បទថា តរស្សុ ឱឃំ បានដល់ ឆ្លងឱឃៈ ៤ យ៉ាង តាមសមគួរ ដោយវិបស្សនាដែលប្រព្រឹត្តទៅហើយ តាំងអំពីនោះមក ។ បទថា កថាហិ បានដល់ ចាកសេចក្តីសង្ស័យ ។ បទថា តណ្ហក្ខយំ រត្តមហាភិបស្ស សេចក្តីថា ចូរឃើញនិព្វាន ធ្វើឲ្យជាក់ច្បាស់ទាំងយប់ និងថ្ងៃ ។ ដោយបទ នេះ ព្រះមានព្រះភាគ ត្រាស់ដល់ធម៌ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នដល់ ឧបសីវមាណពនោះ ។ ឥឡូវនេះ ឧបសីវមាណពកាលបានស្តាប់ថា លះកាមទាំងឡាយ ដូច្នេះហើយ ពិចារណាឃើញកាមដែលខ្លួនលះបានហើយ ដោយការសង្កត់សង្កិន ទើបពោលគាថាថា សព្វេសុ ដូច្នេះជាដើម ។