បារាយនានុសង្គីតិកថា

ក្បាលទី 38 · ទំព័រ 813

កាលព្រះមានព្រះភាគ ទ្រង់គង់នៅនាបាសាណចេតិយក្នុង ដែនមគធៈ ទ្រង់បានសម្តែងសូត្រនេះ កាលពួកព្រាហ្មណ៍ ១៦ នាក់ ជាអ្នកបម្រើ ( របស់ពាវរីព្រាហ្មណ៍ ) អារាធនាហើយ ទើបព្រះអង្គទ្រង់ដោះស្រាយ បញ្ញា ។ បើបុគ្គលបានដឹងនូវអត្ថ បានដឹងនូវធម៌នៃបញ្ញាមួយៗ ហើយ គប្បីប្រតិបត្តិនូវធម៌ ដ៏សមគួរតាមធម៌ បុគ្គលនោះ មុខជាដល់នូវត្រើយនៃ ជរា និងមរណៈពុំខាន ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅ ( កាន់ត្រើយ គឺ ព្រះនិព្វាន ) ព្រោះហេតុនោះ ពាក្យថា បារាយនៈ ( ការប្រព្រឹត្តទៅកាន់ ត្រើយ ) នេះ ជាឈ្មោះនៃធម្មបរិយាយនេះឯង ។ ( ព្រាហ្មណមាណព ១៦ នាក់ ដែលបានក្រាបទូល សួរបញ្ញា ) នុ៎ះ គឺមាណពឈ្មោះអជិត ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ ១ កប្បៈ ១ ជតុកណ្ណីមាណព ជាបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ ព្រាហ្មណបោសាលៈ ១ មោឃរាជជាអ្នកប្រាជ ១ បិង្គិយៈជាមហាឥសី ១ ព្រាហ្មណ៍ ទាំង ១៦ នាក់នុ៎ះ បានទៅគាល់ព្រះពុទ្ធជាអ្នកស្វែងរកនូវគុណ មានចរណៈ គឺធម៌ជាគ្រឿងប្រព្រឹត្តដ៏បរិបូណ៌ បានចូលទៅក្រាប ទូលសួរបញ្ញាដ៏ល្អិតចំពោះព្រះពុទ្ធ ជាបុគ្គលប្រសើរ ។ ព្រះពុទ្ធ ជាព្រះមុនី បានដោះស្រាយនូវបញ្ញាទាំងឡាយ ដែលពួក ព្រាហ្មណ៍ទូលសួរតាមសេចក្តីពិត បានញ៉ាំងពួកព្រាហ្មណ៍ឲ្យត្រ េកអរដោយការដោះស្រាយបញ្ញា ។ ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ កាលបើព្រះពុទ្ធជាអាទិច្ចវង្ស មានចក្ខុ គឺប្រាជ្ញាញាណ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសម្នាក់ នៃព្រះសាស្តា មានបញ្ញាដ៏ប្រសើរ ។