បីឋវិមាន ទី ២

ក្បាលទី 39 · ទំព័រ 48

( ព្រះមោគ្គល្លានសួរថា ) តាំងរបស់នាង ជាវិការៈ នៃកែវពិទូរ្យដ៏ឧត្តម មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ ល្អ នាងភ្លឺស្វាងដូចជាផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃពពកឲ្យភ្លឺច្បាស់ តើនាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះ ផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏ កើតឡើងដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឲ្យ អាសនៈដល់អាគន្តុកភិក្ខុ បានថ្វាយបង្គំ ធ្វើអញ្ជលីកម្ម បានឲ្យទាន តាមអានុភាព ( នៃខ្ញុំ ) ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើប សម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយឯណានី មួយដែលជាទីគាប់ ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំកាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាព រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។