បីឋវិមាន ទី ៣

ក្បាលទី 39 · ទំព័រ 53

( ព្រះមោគ្គល្លានសួរថា ) តាំងរបស់នាង ជាវិការៈនៃមាស ធំទូលាយ មានសន្ទុះលឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាង មានខ្លួន ប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មានសំពត់ល្អ នាងភ្លឺស្វាង ដូចផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃពពក ឲ្យភ្លឺច្បាស់បាន តើនាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈទាំងឡាយឯណានី មួយដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់នាងផង តើដោយ ហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាង មានអានុភាព រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំមានអានុភាពដ៏រុងរឿងយ៉ាងនេះ ដោយផលនៃកម្មណា ផលនៃកម្មរបស់ខ្ញុំនេះតិចណាស់ ខ្ញុំកាលដែលកើតជា មនុស្សក្នុងពួកមនុស្ស អំពីជាតិមុន ក្នុងមនុស្សលោក បានឃើញភិក្ខុ ប្រាសចាកធូលីគឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្ត ជ្រះថ្លា បានប្រគេនតាំងដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំ កាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។