អដ្ឋកថា តតិយបីឋវិមាន

ក្បាលទី 39 · ទំព័រ 55

តតិយបីឋវិមាន មានពាក្យផ្តើមថា បីឋន្តេ សោវណ្ណមយំ ជាដើម ។ រឿងរបស់តតិយបីឋវិមាននោះ កើតឡើងក្នុងនគររាជគ្រឹះ ។ បានឮថា ព្រះខីណាស្រពមួយរូប ត្រាច់បិណ្ឌបាតក្នុងនគររាជគ្រឹះ បានអាហារ ហើយ បំណងនឹងឆាន់ក្នុងពេលកុនវេលា ទើបចូលទៅកាន់ផ្ទះមួយ ដែលមានទ្វារចំហ ។ ក្នុងផ្ទះនោះ ស្ត្រីម្ចាស់ផ្ទះមានសទ្ធាជ្រះថ្លា សង្កេតមើល អាការៈរបស់ព្រះថេរៈ ទើបពោលថា បពិត្រលោកម្ចាស់ សូមនិមន្តចូលមក ចុះ សូមលោកម្ចាស់អង្គុយត្រង់នេះឆាន់នូវចង្ហាន់ចុះ ហើយរៀបចំតាំងយ៉ាង ល្អ ក្រាលសំពត់ពណ៌លឿងខាងលើ បានបរិច្ចាគដោយដាច់ស្រឡះ ហើយ តាំងសេចក្តីប្រាថ្នាថា សូមបុណ្យរបស់ខ្ញុំនេះ បានជាបច្ច័យ ជាតាំងមាស ក្នុង អនាគតចុះ កាលព្រះថេរៈ កំពុងឆាន់អាហារក្នុងទីនេះ លាងបាត្រហើយ ក៏ ក្រោកចៀសចេញទៅ នាងក៏ពោលថា បពិត្រលោកម្ចាស់ អាសនៈនេះខ្ញុំប្រគេន ដល់លោកម្ចាស់ហើយ សូមលោកម្ចាស់ប្រើប្រាស់ ដើម្បីអនុគ្រោះខ្ញុំផងចុះ ។ ព្រះថេរៈទទួលតាំងនោះ ដើម្បីអនុគ្រោះស្រីនោះ ហើយប្រគេនដល់សង្ឃ ។ សម័យក្រោយមក នាងកើតរោគ ឯណានីមួយ ស្លាប់ទៅ កើតក្នុងឋានតាវត្តិង្ស ។ ពាក្យទាំងអស់ ដូចពោលមកហើយ គប្បីជ្រាបតាមន័យក្នុងកថា ពណ៌នា បឋមវិមាននោះឯង ដោយហេតុនោះ ទើបព្រះមហាមោគ្គល្លាន សួរថា តាំងរបស់នាងជាវិការៈនៃមាស ធំទូលាយ មានសន្ទុះ លឿនដូចចិត្ត ទៅតាមប្រាថ្នាបាន ម្នាលនាងមានខ្លួនប្រដាប់ហើយ ទ្រទ្រង់នូវកម្រងផ្កា មាន សំពត់ល្អ នាងភ្លឺស្វាងដូចផ្លេកបន្ទោរ ញ៉ាំងទីបំផុតនៃពពក ឲ្យភ្លឺច្បាស់បាន តើនាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះ ផង ភោគៈទាំងឡាយឯណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើង ដល់នាងផង តើដោយហេតុអ្វី