អត្ថរបស់ ជាតិ សព្ទ

ក្បាលទី 39 · ទំព័រ 57

បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំ កាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។ ជាតិ សព្ទ ក្នុងគាថាទី ៥ ជាដើមថា បុរិមាយ ជាតិយា មនុស្សលោកេ ប្រើក្នុងអត្ថថា សង្ខតលក្ខណៈ ដូចក្នុងបាលីជាដើមថា ទ្វីហិ ខន្ធេហិ សង្គហិតា ជាតិសង្គ្រោះដោយខន្ធ ២ ដូច្នេះ ។ ប្រើក្នុងអត្ថថា និកាយ ដូចក្នុងបាលីជាដើមថា និគណ្ឋា នាម សមណជាតិ មានពួកសមណៈហៅថា និគណ្ឋៈ ដូច្នេះ ។ ប្រើក្នុងអត្ថថា បដិសន្ធិ ដូចក្នុងបាលីជាដើមថា យំ ភិក្ខវេ មាតុកុច្ឆិស្មឹ បឋមំ ចិត្តំ ឧប្បន្នំ បឋមំ វិញ្ញាណំ បតុភូតំ តទុបទាយ សាវស្ស ជាតិ ម្នាលភិក្ខុទាំងឡាយ ចិត្តជាបឋមណា កើតឡើងហើយ វិញ្ញាណជាបឋមណាកើតប្រាកដហើយក្នុងផ្ទៃនៃមាតា កំណើតរបស់សត្វ នោះឯងត្រូវរាប់អំពីបឋមចិត្តនោះ ឬបឋមវិញ្ញាណនោះ ដូច្នេះ ។ ប្រើក្នុងអត្ថថា ត្រកូល ដូចក្នុងបាលីជាដើមថា អក្ខិត្តោ អនុបក្កុដ្ឋោ ជាតិវាទេន មិនដែលនរណាមួយពោលទោសតិះដៀល ដោយពោលដល់ ជាតិកំណើតឡើយ ។ ប្រើក្នុងអត្ថថា ប្រសូត ដូចក្នុងបាលីជាដើមថា សម្បតិជាតោ អានន្ទ ពោធិសត្តោ ម្នាលអានន្ទ ពោធិសត្វប្រសូតមកភ្លាម ដូច្នេះ ។ ប្រើក្នុងអត្ថថា ភព ដូចក្នុងបាលីជាដើមថា ឯកម្បិ ជាតឹ ទ្វេបិ ជាតិយោ ១ ជាតិខ្លះ ២ ជាតិខ្លះ ដូច្នេះ ។ តែក្នុងទីនេះ ជាតិ សព្ទ គប្បីឃើញថា ប្រើក្នុងអត្ថថា ភពតែម្យ៉ាង ។ ព្រោះដូច្នោះទើបមានសេចក្តី ថា ក្នុងជាតិមុន គឺក្នុងភពមុន អធិប្បាយថា ក្នុងអត្តភាពមុនដែលកន្លងមក ជាប់តគ្នា ។