អដ្ឋកថា តតិយនាវាវិមាន

ក្បាលទី 39 · ទំព័រ 94

តតិយនាវាវិមាន មានពាក្យផ្តើមថា សុវណ្ណច្ឆទនំ នាវំ ជាដើម ។ តតិយនាវាវិមាននេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ ទ្រង់យាងចារិកទៅក្នុងជនបទ មួយអន្លើដោយមហា ភិក្ខុសង្ឃ ទ្រង់យាងដល់ស្រុកព្រាហ្មណ៍ឈ្មោះ ថូណៈ ដែនកោសល ។ ពួកព្រាហ្មណ៍គហបតិអ្នកថូណៈ បានឮមកថា ព្រះសមណគោតម យាងដល់ ផែនដីរបស់ពួកយើងហើយ កាលណោះ ព្រាហ្មណគហបតិ អ្នកថូណៈ ដែលមិនជ្រះថ្លា ជាមិច្ឆាទិដ្ឋិបុគ្គល កំណាញ់ជាប្រក្រតី គិតគ្នាថា បើព្រះសមណ គោតមចូលស្រុកនេះគង់នៅពីរបីថ្ងៃ ក៏នឹងធ្វើជនបទនេះ ឲ្យនៅក្នុង ពាក្យរបស់ព្រះអង្គ បន្ទាប់អំពីនោះ ព្រាហ្មណធម៌ គឺលទ្ធិ ទំនៀម និង បវេណីរបស់ព្រាហ្មណ៍ ក៏មិនបានជាទីពឹងអាស្រ័យ ទើបនាំគ្នាខ្វល់ខ្វាយមិន ឲ្យព្រះដ៏មានព្រះភាគ គង់នៅក្នុងតំបន់នោះ នាំគ្នាអូសទូក ដែលគេចតត្រង់ កំពង់ឡើងលើគោក នាំគ្នាធ្វើស្ពាននិងផ្លូវ មិនឲ្យឆ្លងទៅបាន ធ្វើទឹកផឹកឲ្យ ល្អក់ ។ យកស្មៅជាដើម លុបអណ្តូងទឹកដទៃៗ ក្នុងស្រុក ហើយបិទចោល វៀរអណ្តូងទឹកទុកតែមួយ ដូចលោកពោលទុកក្នុងគម្ពីរ ឧទាន ថា ( កាល នោះឯង ព្រាហ្មណ៍គហបតិ អ្នកថូណៈ ) ក៏នាំ គ្នាយកស្មៅ និងអង្កាម ចាក់បំពេញអណ្តូងដរាបដល់មាត់ ដោយគិតថា កុំឲ្យសមណៈត្រងោលទាំងនោះ ផឹកទឹកបាន ។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបការធ្វើមិនត្រឹមត្រូវរបស់មនុស្សទាំងនោះ ទ្រង់មាន ព្រះទ័យករុណា មួយអន្លើដោយមហាភិក្ខុសង្ឃ ឆ្លងស្ទឹងទៅតាម អាកាស ទៅដល់ថូណៈ ព្រាហ្មណគាម ដោយលំដាប់ ទ្រង់គេចចេញអំពី ផ្លូវគង់លើអាសនៈ ដែលគេរៀបចំទុក ត្រង់គល់ឈើមួយ ។ សម័យនោះ ស្រីទាសីអ្នកដងទឹកជាច្រើន ដើរឆ្លងទៅ មិនឆ្ងាយអំពីព្រះដ៏មានព្រះភាគ ។ ក្នុងស្រុកនោះ