អដ្ឋកថា បទីបវិមាន
បទីបវិមានមានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ជាដើម ។ បទីបវិមាននោះ កើតឡើងដូចម្តេច ។ កាលព្រះដ៏មានព្រះភាគគង់នៅ ក្នុង ក្រុងសាវត្ថី ថ្ងៃឧបោសថ ឧបាសកឧបាសិកាជាច្រើនរក្សាឧបោសថមុនអាហារ ថ្វាយទានតាមសមគួរដល់ទ្រព្យសម្បត្តិ បរិភោគអាហារអំពីព្រលឹម ស្លៀកសំពត់ស្អាត ដណ្តប់សំពត់ស្អាត កាន់គ្រឿងក្រអូប និងផ្កាកម្រង ជាដើម ក្រោយអាហារ ក៏ទៅកាន់វិហារ ចូលទៅអង្គុយជិតភិក្ខុ ដែលគួរ គោរពរាប់អាន ពេលល្ងាចក៏ស្តាប់ធម៌ កាលឧបាសកឧបាសិកា ទាំងនោះ ដែលបំណងនឹងនៅក្នុងវិហារ កំពុងស្តាប់ធម៌នោះឯង ព្រះអាទិត្យក៏អស្តង្គត ងងឹតក៏គ្របដណ្តប់ ។ ក្នុងចំនួនស្រីទាំងនោះ ស្រីម្នាក់គិតថា គួរអុជប្រទីប ក្នុងឥឡូវនេះ ដូច្នេះហើយ ក៏ទៅនាំប្រទីបមកអំពីផ្ទះរបស់ខ្លួន អុជប្រទីប ឡើងតម្កល់ទុកខាងមុខធម្មាសនៈ ហើយក៏ស្តាប់ធម៌ ។ ដោយបទីបទាននោះ នាងត្រេកអរ កើតបីតិសោមនស្ស ថ្វាយបង្គំហើយត្រឡប់ទៅផ្ទះ ក្រោយ មកនាងក៏ស្លាប់ ទៅកើតក្នុងវិមានកែវមណីដ៏រុងរឿង នាត្រ័យត្រិង្សឋាន ។ លម្អនៃសរីរៈរបស់នាង មានរស្មីផ្សាយចេញទៅក្រៃលែង ភ្លឺទៅកាន់ទិសទាំង ១០ គ្របសង្កត់ នូវទេវតាដទៃ ៗ ។ ពាក្យទាំងអស់ ចាប់អំពីពាក្យថា ថ្ងៃមួយព្រះមហាមោគ្គល្លាន ចារិកទៅក្នុងទេវលោកដូច្នេះជាដើម គប្បីជ្រាប តាមន័យដែលពោលមកហើយខាងដើមនោះឯង តែក្នុងបទីបវិមាននេះ ព្រះថេរៈ សួរដោយគាថា ៤ ថា ម្នាលទេវធីតា នាងមានសម្បុរល្អតាំងនៅ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ