អដ្ឋកថា តិលទក្ខិណវិមាន

ក្បាលទី 39 · ទំព័រ 111

តិលទក្ខិណវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ជាដើម ។ តិលទក្ខិណវិមាននោះ កើតឡើងដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន អារាមរបស់អនាថបិណ្ឌិកៈ ក្រុងសាវត្ថី ។ សម័យនោះក្នុងក្រុងរាជគ្រឹះ ស្រីម្នាក់មានគភ៌ចង់ផឹកប្រេងល្ង ទើបលាងគ្រាប់ល្ង ហើយហាលថ្ងៃទុក ។ ស្រីនោះនឹងត្រូវអស់អាយុ ត្រូវ ចុតិក្នុងថ្ងៃនោះព្រោះកម្មរបស់នាងដែលនឹងឲ្យធ្លាក់នរក បានឱកាសហើយ ។ កាលណោះ ព្រះដ៏មានព្រះភាគទ្រង់ប្រមើលមើលលោកក្នុងពេលទៀបភ្លឺ ទ្រង់ ឃើញនាងដោយទិព្វចក្ខុ ទ្រង់ពិចារណាថា ថ្ងៃនេះស្រីនេះនឹងស្លាប់ទៅកើត ក្នុងនរក បើដូច្នោះតថាគតគប្បីធ្វើនាងឲ្យទៅកាន់ឋានសួគ៌ ដោយការទទួល អាហារ គឺល្ង ។ ទ្រង់ក៏យាងអំពីក្រុងសាវត្ថី ដល់ក្រុងរាជគ្រឹះខណៈនោះឯង ក្នុងពេលព្រឹកទ្រង់ស្លៀកដណ្តប់ហើយ កាន់បាត្រ និងចីវរ ត្រាច់បិណ្ឌបាតក្នុង ក្រុងរាជគ្រឹះ ដល់ទ្វារផ្ទះរបស់នាង ដោយលំដាប់ ។ ស្រីនោះឃើញ ព្រះ ដ៏មានព្រះភាគ កើតបីតិសោមនស្ស ប្រញាប់ក្រោកឡើងផ្គងអញ្ជលី មិន ឃើញវត្ថុដទៃ ដែលគួរថ្វាយ លាងដៃជើងហើយ ប្រមូលល្ងជាគំនរ ក្បង់ ដោយដៃទាំងពីរ ដាក់ក្នុងបាត្ររបស់ព្រះដ៏មានព្រះភាគ ហើយថ្វាយបង្គំ ។ ព្រះដ៏មានព្រះភាគ កាលទ្រង់អនុគ្រោះទើបត្រាស់ថា ចូរនាងដល់នូវសេចក្តី សុខចុះ ហើយយាងត្រឡប់ទៅ ។ ក្នុងពេលទៀបភ្លឺយប់នោះ នាងក៏ ស្លាប់ទៅកើតក្នុងវិមានមាស កម្ពស់ ១២ យោជន៍ ក្នុងឋានតាវត្តិង្ស ដូច ដេកលក់ហើយភ្ញាក់ឡើង ។ គ្រានោះ ព្រះមហាមោគ្គល្លានត្ថេរ ចារិកទៅ