បតិព្វតាវិមាន

ក្បាលទី 39 · ទំព័រ 115

( ព្រះមោគ្គល្លានសួរថា ) ពួកក្រៀល ក្ងោក ហង្ស និងតាវៅ មានអានុភាពជាទិព្វ មានសំឡេងពីរោះ មកប្រជុំគ្នា វិមាននេះជាទីត្រេកអរ ដេរដាសដោយផ្កាវិចិត្ររចនាយ៉ាងច្រើន ដែលជនប្រុសស្រីសេពគប់ហើយ ម្នាលទេវធីតាមានអានុភាព ច្រើន នាងនៅក្នុងវិមាននោះ ពួកស្រីអប្សរទាំងបុន្មាន មានឫទ្ធិ និម្មិតរូបច្រើន រាំច្រៀង រីករាយដោយជុំវិញ ម្នាលទេវធីតា មានអានុភាពច្រើន នាងបានដល់នូវឫទ្ធិយ៉ាងនេះ នាងកាល ដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមានអានុភាពដ៏រុងរឿង យ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយ ហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្សក្នុងពួកមនុស្ស មានសេចក្តី គោរពប្តី មិនមានចិត្តកើតឡើងក្នុងបុរសដទៃ ខំរក្សាប្តី ដូចជាមាតារក្សាកូន ខ្ញុំទុកណាជាមានសេចក្តីក្រោធ ក៏ មិនបានពោលពាក្យអាក្រក់ ( ចំពោះប្តី ) ខ្ញុំបានតាំង នៅក្នុងពាក្យសច្ចៈ បានលះបង់ពាក្យកុហក ជាអ្នក ត្រេកអរក្នុងទាន មានអត្តភាពសង្គ្រោះ ( ដោយ សង្គហវត្ថុទាំងឡាយ ) មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចក្តីគោរព ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើប សម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ ចិត្ត ភោគៈទាំងនោះក៏កើតឡើង ដល់ខ្ញុំផង ។ បពិត្រភិក្ខុមានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំ កាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។