អដ្ឋកថា បតិព្វតាវិមាន

ក្បាលទី 39 · ទំព័រ 117

បឋមបតិព្វតាវិមាន មានពាក្យផ្តើមថា កោញ្ចា មយុរា ទិវិយា ច ហំសា ជាដើម ។ បឋមបតិព្វតាវិមាន មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពននាក្រុងសាវត្ថី ក្នុងក្រុងសាវត្ថី នោះ ស្ត្រីម្នាក់ជាអ្នកប្រតិបត្តិស្វាមី នាងបណ្តោយតាមស្វាមី អត់ធន់ កាន់ យកឱវាទប្តីដោយគោរព សូម្បីត្រូវក្រោធ ក៏មិនឆាប់ក្រោធ មិននិយាយ ពាក្យគ្រោតគ្រាត ពោលតែពាក្យពិត មានបសាទសទ្ធា ឲ្យទានតាមគួរ ដល់ទ្រព្យសម្បត្តិ នាងកើតរោគឯណានីមួយ ក៏ស្លាប់ទៅកើតក្នុងឋានតាវត្តិង្ស ។ បន្ទាប់មក ព្រះមហាមោគ្គល្លាន ត្រាច់ចារិកទៅក្នុងទេវលោក ដោយន័យមុននោះឯង ឃើញទេវតាអង្គនោះ ដែលកំពុងសោយមហាសម្បត្តិ ទើបចូលទៅរក ។ ទេវធីតាអង្គនោះ ដែលមានទេពអប្សរមួយពាន់ចោមរោម មានអត្តភាពប្រដាប់ដោយគ្រឿងអលង្ការ មានភារៈប្រមាណ ៦០ រទេះ ថ្វាយបង្គំដោយសិរសាគឺត្បូង ទៀបបាទារបស់ព្រះថេរៈ ហើយឈរ ក្នុងទីសមគួរនាចំណែកម្ខាង ។ ព្រះថេរៈកាលសួរនូវបុញ្ញកម្ម ដែលនាងធ្វើ ទើបពោលថា ពួកក្រៀល ក្ងោក ហង្ស និងតាវៅ មានអានុភាពជាទិព្វ មានសំឡេងពីរោះ មកប្រជុំគ្នា វិមាននេះជាទីត្រេកអរ ដេរ ដាសដោយផ្កាវិចិត្ររចនាយ៉ាងច្រើន ដែលជនប្រុសស្រីសេព គប់ហើយ ម្នាលទេវធីតា មានអានុភាពច្រើន នាងនៅក្នុង វិមាននោះ ពួកស្រីអប្សរទាំងបុន្មាន មានឫទ្ធិ និម្មិតរូបច្រើន រាំច្រៀង រីករាយ ដោយជុំវិញ ម្នាលទេវធីតាមានអានុភាព ច្រើន នាងបានដល់នូវឫទ្ធិយ៉ាងនេះ នាងកាលដែលកើតជា មនុស្ស បានធ្វើបុណ្យអ្វី នាងមានអានុភាពដ៏រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។