ទុតិយបតិព្វតាវិមាន
( ព្រះមោគ្គល្លានសួរថា ) នាងឡើងកាន់វិមាន មាន សសរ ជាវិការៈនៃកែវពិទូរ្យ ដ៏រុងរឿង ភ្លឺផ្លេក មានវិចិត្រដ៏ ច្រើន ម្នាលទេវធីតា មានអានុភាពច្រើន នាងបាននៅក្នុង វិមាននោះ ពួកស្ត្រីអប្សរ ទាំងអម្បាលនេះ ដែលខ្ពស់និង ទាបមានឫទ្ធិនិម្មិតផ្សេងៗ រាំច្រៀង រីករាយ ដោយជុំវិញ ម្នាលទេវធីតាមានអានុភាពច្រើន នាងបានដល់នូវឫទ្ធិ នាង កាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមានអានុភាព រុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្សក ្នុងពួកមនុស្ស ជាឧបាសិកា ( របស់ព្រះគោតម មានបញ្ញាចក្ខុ ) វៀរចាកបាណាតិបាត វៀរចាកអទិន្នាទានក្នុងលោក មិនផឹកទឹកស្រវឹង មិននិយាយ កុហក ជាអ្នកត្រេកអរនឹងប្តីរបស់ខ្លួន មានចិត្តជ្រះថ្លា បានឲ្យបាយ ទឹក ឲ្យទានដ៏ធំទូលាយ ដោយសេចក្តីគោរព ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើប សម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ ចិត្ត ភោគៈទាំងនោះ ក៏កើតឡើង ដល់ខ្ញុំផង បពិត្រភិក្ខុ មានអានុភាពច្រើន ខ្ញុំសូមទូលលោកថា ខ្ញុំ កាលដែលកើតជាមនុស្ស បានធ្វើបុណ្យណា ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់ សព្វទិស ដោយផលបុណ្យនោះ ។