សុណិសាវិមាន

ក្បាលទី 39 · ទំព័រ 127

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវធីតា នាងមានសម្បុរល្អ ឋិតនៅហើយ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក នាងមានសម្បុរបែប នោះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយ ណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាង មានអានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងផ្ទះ នៃពុកក្មេក បានឃើញភិក្ខុ ប្រាសចាក ធូលីគឺកិលេស មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំ ដល់ភិក្ខុនោះ ដោយដៃរបស់ខ្លួន លុះប្រគេន នំជាចំណែកពាក់កណ្តាលហើយ ក៏រីករាយក្នុងនន្ទនវ័ន ព្រោះហេតុនោះបានជា ខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំក្នុងទីនេះ ផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏ កើតឡើង ដល់ខ្ញុំផង ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ ។