សុណិសាវិមាន ទី ១៤
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវធីតា នាងមានសម្បុរ ល្អ ឋិតនៅហើយ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹក នាងមាន សម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈ ទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងផ្ទះ នៃពុកក្មេក បានឃើញភិក្ខុដែលប្រាសចាក រាគៈ មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យចំណែក ( នំកុម្មាស ) ដល់ភិក្ខុនោះ ដោយដៃ របស់ខ្លួន លុះឲ្យដុំនៃនំកុម្មាសរួចហើយ ក៏រីករាយក្នុងនន្ទនវ័ន ព្រោះហេតុ នោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេច ដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈ ទាំងនោះ ក៏កើតឡើង ដល់ខ្ញុំផង ខ្ញុំមានអានុភាពរុងរឿង យ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំក៏ ភ្លឺច្បាស់សព្វទិស ដោយផលបុណ្យនោះ ។