អដ្ឋកថា ទុតិយសុណិសាវិមាន
ទុតិយសុណិសាវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ជាដើម ។ ក្នុងទុតិយសុណិសាវិមាននេះ មិនមានពាក្យថ្មីឡើយ ។ ក្នុងអត្ថុប្បត្តិហេតុផ្សេងគ្នា ព្រោះប្រគេននំកុម្មាសបុណ្ណោះ ។ ដោយហេតុ នោះ ទើបព្រះធម្មសង្គាហកាចារ្យ ពោលថា ព្រះមហាមោគ្គល្លានសួរថា ម្នាលទេវធីតា នាងមាន សម្បុរល្អ ឋិតនៅហើយ ញ៉ាំងទិស ទាំងពួង ឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក នាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាង ក្នុងទីនេះផង ភោគៈ ទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏ កើតឡើងដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាងមាន អានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺ ច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះ ព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ខ្ញុំកាលដែលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងផ្ទះ នៃពុកក្មេក បានឃើញភិក្ខុ ដែលប្រាសចាក រាគៈ មានចិត្តថ្លា មិនល្អក់ ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យចំណែក ( នំកុម្មាស ) ដល់ភិក្ខុនោះ ដោយ ដៃរបស់ខ្លួន លុះឲ្យដុំនៃនំកុម្មាសរួចហើយ ក៏រីករាយក្នុង នន្ទនវ័ន ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ព្រោះដំណើរនោះ ផលទើបសម្រេចដល់ខ្ញុំ ក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះ ក៏កើតឡើងដល់ខ្ញុំផង ខ្ញុំមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺ ច្បាស់សព្វទិស ដោយផលបុណ្យនោះ ។