អដ្ឋកថា បេសការិយវិមាន
បេសការិយវិមាន មានពាក្យផ្តើមថា ឥទំ វិមានំ រុចិរំ បភស្សរំ ជាដើម ។ បេសការិយវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគប្រថាប់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុង ពារាណសី សម័យនោះពេលព្រឹកភិក្ខុជាច្រើនស្លៀកដណ្តប់ហើយ កាន់បាត្រ ចីវរចូលទៅបិណ្ឌបាតក្នុងក្រុងពារាណសី ។ ភិក្ខុទាំងនោះ ដើរចូលទៅកាន់ ទ្វារផ្ទះរបស់ព្រាហ្មណ៍ម្នាក់ ក្នុងផ្ទះនោះ ធីតារបស់ព្រាហ្មណ៍ឈ្មោះបេសការី កំពុងរកចៃឲ្យមាតាក្បែរទ្វារផ្ទះ ឃើញភិក្ខុទាំងនោះកំពុងដើរទៅ ក៏ពោលនឹង មាតាថា បពិត្រអ្នកមែ មនុស្សទាំងនេះ នៅកំលោះ នៅក្នុងបឋមវ័យ ស្អាតគួរមើល ជាអ្នកល្អិតល្អន់ ប្រហែលជាបានទទួលនូវការវិនាសណាមួយ ទើបនាំគ្នាបួសក្នុងវ័យនេះ ។ មាតាប្រាប់កូនថា នែកូន មានបុត្រាសក្យៈចេញ បួសអំពីសក្យរាជត្រកូល បានត្រាស់ជាព្រះពុទ្ធក្នុងលោក ទ្រង់សម្តែងធម៌ល្អ ក្នុងបទដើម ល្អក្នុងបទកណ្តាល ល្អក្នុងទីបំផុត ទ្រង់ប្រកាសព្រហ្មចរិយៈ មួយអន្លើដោយអត្ថនិងព្យញ្ជនៈ បរិសុទ្ធបរិបូណ៌ អ្នកបួសទាំងនេះស្តាប់ធម៌ របស់ទ្រង់ហើយ ក៏នាំគ្នាចេញបួស ។ សម័យនោះឧបាសកម្នាក់សម្រេចផល ដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដើរតាមផ្លូវនោះ បានឮពាក្យនោះហើយ ក៏ចូលទៅរកស្ត្រីទាំងពីរនោះ ខណៈ នោះទើបព្រាហ្មណីពោលនឹងឧបាសកនោះថា នែឧបាសក អំបាញ់មិញនេះ កុលបុត្រជាច្រើន លះភោគសម្បត្តិ លះនូវត្រកូលញាតិធំៗ នាំគ្នាបួសក្នុង លទ្ធិសម័យរបស់ព្រះសក្យៈ កុលបុត្រទាំងនោះ ឃើញអំណាចប្រយោជន៍