លខុមាវិមានទី ២
( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវធីតា នាងមាន សម្បុរល្អ ឋិតនៅហើយ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចផ្កាយព្រឹក ព្រោះហេតុអ្វី បានជានាងមានសម្បុរបែបនោះ ។ បេ ។ បានជា នាងមានសម្បុរភ្លឺច្បាស់សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តរីករាយ លុះព្រះមោគ្គល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា លំនៅរបស់ខ្ញុំ តាំងនៅជិតទីជាទីចេញអំពីកេវដ្តទ្វារ ខ្ញុំមានចិត្ត ជ្រះថ្លា ក្នុងលោកអ្នកមានចិត្តត្រង់ទាំងឡាយ បានប្រគេនបាយ នំកុម្មាស និងបន្លែជ្រក់ ទឹកដែលផ្សំដោយសម្ភារៈច្រើន ដល់ ពួកសាវ័កអ្នកស្វែងរកគុណធំ ដែលត្រាច់ទៅ ក្នុងទីលំនៅនៃ ខ្ញុំនោះ ខ្ញុំបានរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ខ្ញុំ ជាអ្នកសង្រួម ក្នុងសីលទាំងឡាយសព្វកាល មានសេចក្តី សង្រួម មានការចែកនូវទាន នៅគ្រប់គ្រងវិមាន ជាអ្នកវៀរ ចាកបាណាតិបាត សង្រួមចាកមុសាវាទ វៀរចាកការលួច ចាក ការប្រព្រឹត្តកន្លងចិត្តស្វាមី ជាអ្នកឆ្ងាយចាកការផឹកទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជា ឧបាសិការបស់ព្រះគោតម ដែលមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ។ បេ ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់ សព្វទិស ។ បពិត្រព្រះថេរៈដ៏ចម្រើន សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទា នៃព្រះមាន ព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចម្រើន ឧបាសិកា ឈ្មោះ លខុមា សូមថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ដោយ សិរ្សៈ ។