អដ្ឋកថា ភទ្ទិត្ថិកាវិមានទី ៥
ភទ្ទិត្ថិកាវិមាន មានពាក្យផ្តើមថា នីលា បីតា ច កាឡា ច ដូច្នេះជាដើម ។ ភទ្ទិត្ថិកាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មាន ព្រះភាគគង់នៅក្នុងវត្តជេតពន អារាមរបស់អនាថបិណ្ឌិកសេដ្ឋីនាក្រុងសាវត្ថី សម័យនោះ ក្នុងកិមិលនគរ មានគហបតីបុត្តម្នាក់ឈ្មោះរោហកៈ មានបសាទ សទ្ធា ដល់ព្រមដោយសីលនិងអាចារៈ ក្នុងនគរនោះឯង មានត្រកូលមួយ មានទ្រព្យច្រើន ប្រហែលនឹងត្រកូលនោះដែរ ក្នុងត្រកូលនោះមានទារិកាម្នាក់ ជាអ្នកមានសទ្ធាជ្រះថ្លា មានឈ្មោះថា ភទ្ទា ព្រោះចម្រើនតាមប្រក្រតី ។ ក្នុង កាលតមក ពុកម្តាយរបស់រោហកៈ បានដណ្តឹងកុមារីនោះ នាំមកក្នុងពេល នោះ ធ្វើនូវអាវាហវិវាហមង្គល ។ ស្វាមីនិងភរិយានោះក៏នៅរួមគ្នាដោយ សាមគ្គី ព្រោះអាចារសម្បត្តិរបស់ខ្លួន ទើបនាងបានប្រាកដក្នុង ព្រះនគរនោះ ថា ភទ្ទិត្ថី ( ស្រីដែលគួរស្រឡាញ់ ) ។ សម័យនោះអគ្គសាវ័កទាំងពីរ មានភិក្ខុជាបរិវារមួយរូប ៥០០ ត្រាច់ ចារិកទៅក្នុងជនបទ ដល់កិមិលនគរ ។ នាយរោហកៈដឹងថាអគ្គសាវ័កនោះ មកកាន់កិមិលនគរនោះកើតសោមនស្ស ចូលទៅរកព្រះថេរៈទាំងពីររូប ថ្វាយបង្គំ ហើយ និមន្តឆាន់ក្នុងថ្ងៃស្អែក អង្គាសព្រះថេរៈមួយអន្លើដោយបរិវារ ឲ្យ ឆ្អែតស្កប់ស្កល់ដោយរបស់ទំពា របស់ឆាន់ដ៏ប្រណីត ក្នុងថ្ងៃស្អែកឡើង មួយ អន្លើដោយបុត្រនិងភរិយា បានស្តាប់ធម្មទេសនាដែលលោកសម្តែងហើយ តាំង នៅក្នុងឱវាទរបស់លោក ទទួលសរណៈ សមាទានបញ្ចសីល ។ ចំណែក ភរិយារបស់គាត់ក៏រក្សាឧបោសថសីលក្នុងថ្ងៃទី ៨ ទី ១៤ និងទី ១៥ និង