សោណទិន្នាវិមានទី ៦

ក្បាលទី 39 · ទំព័រ 237

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមានសម្បុរល្អ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺច្បាស់ដូចផ្កាយព្រឹកឋិតនៅ នាងមានសម្បុរបែបនោះ ដោយហេតុអ្វី ផលសម្រេចដល់នាងក្នុងទីនេះផង ភោគៈទាំងឡាយណានីមួយ ដែលជាទីគាប់ចិត្ត ភោគៈទាំងនោះក៏កើតឡើងដល់នាងផង តើដោយហេតុអ្វី ម្នាលទេវធីតា មានអានុភាពច្រើន អាត្មាសូមសួរនាង នាងកាលដែលកើតជាមនុស្ស បានធ្វើបុណ្យអ្វី នាង មានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់សព្វទិស តើដោយហេតុអ្វី ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ លុះព្រះមោគ្គ ល្លានសួរប្រស្នាហើយ ក៏ដោះស្រាយនូវផលនៃកម្មនេះថា ជនទាំងឡាយស្គាល់នូវខ្ញុំថា សោណទិន្នា ខ្ញុំជាឧបាសិកា នៅក្នុង ស្រុកនាលន្ទា ជ្រាស្តីបរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរ ក្នុងការចែករំលែកនូវទានសព្វកាល មានចិត្តជ្រះថ្លា ក្នុង ពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប ខ្ញុំបានរក្សាឧបោសថប្រកបដោយ អង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់ បាដិហារិយបក្ខផង បានសង្រួមក្នុងសីលទាំងឡាយសព្វកាល ជាអ្នកវៀរចាកបាណាតិបាត សង្រួមចាកមុសាវាទ ឆ្ងាយចាក ការលួច ចាកការប្រព្រឹត្តកន្លង ( ចិត្តស្វាមី ) និងការផឹកនូវ ទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គមានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ។ បេ ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស ។