ឧបោសថវិមានទី ៧

ក្បាលទី 39 · ទំព័រ 241

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងដែល មានសម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ដោយហេតុអ្វីបានជានាងមានសម្បុរបែបនោះ ។ បេ ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស ។ ទេវតានោះដែលព្រះមោគ្គល្លានសួរហើយមានចិត្តត្រេកអរ ។ បេ ។ នូវផលនៃកម្មនេះថា ជនទាំងឡាយ បានស្គាល់នូវខ្ញុំថា ឧបោសថា ខ្ញុំជាឧបាសិកា នៅក្នុងសាកេតនគរ បរិបូណ៌ ដោយសទ្ធា និងសីល មានចិត្តត្រេកអរ ក្នុងការចែករំលែក នូវទានសព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួម ក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួម ចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តកន្លង ( ចិត្ត ស្វាមី ) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គ មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមាន សម្បុរបែបនោះ ។ បេ ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស ។ សេចក្តីពេញចិត្តកើតឡើងដល់ខ្ញុំ ព្រោះបានឮនូវនន្ទនវ័នជា រឿយ ៗ ខ្ញុំបានតម្កល់នូវចិត្ត ក្នុងនន្ទនវ័ន ក្នុងតាវត្តិង្សនោះ ហើយចូលទៅកាន់នន្ទនវ័ន ខ្ញុំពុំបានធ្វើតាមព្រះពុទ្ធដីកា របស់ ព្រះសាស្តា ជាព្រះពុទ្ធ ជាផៅពង្ស នៃព្រះអាទិត្យទេ ខ្ញុំមាន សេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ ព្រោះតម្កល់នូវ ចិត្តក្នុងធម៌ដ៏ថោកទាប ។