អដ្ឋកថា ឧបោសថវិមានទី ៧

ក្បាលទី 39 · ទំព័រ 243

ឧបោសថវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះជាដើម ។ ឧបោសថវិមាននោះ មានអត្ថុប្បត្តិហេតុ ដូចម្តេច ។ អត្ថុប្បត្តិហេតុនៃរឿងនេះ មានប្លែកគ្នាបុណ្ណេះថា ឧបាសិកាម្នាក់ ឈ្មោះ ឧបោសថា ក្នុងនគរសាកេត ។ ពាក្យដ៏សេស ដូចគ្នានឹងវិមានបន្ទាប់ ៗ គ្នា ដែលពោលមកហើយនោះឯង ដោយហេតុនោះ ទើបព្រះសង្គីតិកាចារ្យពោល ថា ព្រះមហាមោគ្គល្លានត្ថេរសួរថា ម្នាលទេវតា នាងដែលមានសម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ច្បាស់ដូចផ្កាយព្រឹក ឋិតនៅ ដោយហេតុអ្វី បានជានាងមាន សម្បុរបែបនោះ ។ បេ ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វ ទិស ។ ទេវតានោះដែលព្រះមោគ្គល្លានសួរហើយមានចិត្តត្រេកអរ ។ បេ ។ នូវផលនៃកម្មនេះថា ជនទាំងឡាយ បានស្គាល់នូវខ្ញុំថា ឧបោសថា ខ្ញុំជាឧបាសិកា នៅក្នុងសាកេតនគរ បរិបូណ៌ ដោយសទ្ធា និងសីល មានចិត្តត្រេកអរក្នុងការចែករំលែក នូវទានសព្វកាល មានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សាឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួម ក្នុងសីលទាំងឡាយសព្វកាល វៀរចាកបាណាតិបាត សង្រួម ចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តកន្លង ( ចិត្ត ស្វាមី ) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិកា របស់ព្រះគោតម ព្រះអង្គ មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមាន សម្បុរបែបនោះ ។ បេ ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស ។