សុនិទ្ទាវិមានទី ៨

ក្បាលទី 39 · ទំព័រ 248

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមាន សម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអ្វី បានជានាងមានសម្បុរបែបនោះ ។ បេ ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃកម្មនេះថា ជនទាំងឡាយបានស្គាល់នូវខ្ញុំ ថា សុនិទ្ទា ខ្ញុំជាឧបាសិកានៅក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយ សទ្ធានិងសីល ត្រេកអរក្នុងការចែករំលែកនូវទាន សព្វកាល ខ្ញុំមានចិត្តជ្រះថ្លាក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿង ស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សា ឧបោសថ ប្រកបដោយអង្គ ៨ អស់ថ្ងៃទី ១៤ ទី ១៥ និង ទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុង សីលទាំងឡាយ សព្វកាល វៀរចាកបាណាតិបាត សង្រួម ចាកមុសាវាទ ឆ្ងាយចាកការលួច ការប្រព្រឹត្តកន្លង ( ចិត្តស្វាមី ) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតម ព្រះអង្គ មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរ បែបនោះ ។ បេ ។ បានជាខ្ញុំមានសម្បុរ ភ្លឺច្បាស់ សព្វទិស ។