សុទិន្នាវិមានទី ៩

ក្បាលទី 39 · ទំព័រ 251

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមាន សម្បុរល្អ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអ្វី បានជានាងមានសម្បុរបែបនោះ ។ បេ ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃកម្មនេះថា ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុទិន្នា ខ្ញុំជាឧបាសិកា នៅក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយ សទ្ធានិងសីល ត្រេកអរក្នុងការចែករំលែកនូវទាន សព្វកាល ខ្ញុំមានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿង ស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សា ឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃ ទី ១៤ ទី ១៥ និង ទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុង សីលទាំងឡាយ សព្វកាល វៀរចាកបាណាតិបាត សង្រួម ចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង ( ចិត្ត ស្វាមី ) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា នៃព្រះគោតម ព្រះអង្គ មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមាន សម្បុរបែបនោះ ។ បេ ។ បានជាខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស ។