អដ្ឋកថា សុទិន្នាវិមានទី ៩

ក្បាលទី 39 · ទំព័រ 252

សុទិន្នាវិមានទី ៩ មានអត្ថុប្បត្តិហេតុក្នុងក្រុងរាជគ្រឹះ ក្នុង អត្ថុប្បត្តិហេតុរបស់ឧបាសិកាឈ្មោះសុទិន្នា គប្បីពោលតាមលំដាប់ថាជនទាំងឡាយ បានស្គាល់នូវខ្ញុំថា សុទិន្នា ខ្ញុំជាឧបាសិកា ។ បេ ។ នៃព្រះគោតម ព្រះអង្គ មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំ មានសម្បុរបែប នោះ ។ ពាក្យដ៏សេសមានន័យដូចពោលមកហើយ ។ ក្នុងគាថា ក៏មិនមាន ពាក្យថ្មី ។ ពិតយ៉ាងនោះ គម្ពីរខ្លះលោកក៏តាំងបាលីទុកដោយប្រើបេយ្យាល ។ ដោយហេតុនោះ ទើបព្រះសង្គីតិកាចារ្យ ពោលទុកថា ព្រះមហាមោគ្គល្លាន សួរថា ម្នាលទេវតា នាងមានសម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ដូចផ្កាយព្រឹក ឋិតនៅ ព្រោះហេតុអ្វីបានជានាងមានសម្បុរ បែបនោះ ។ បេ ។ បានជានាងមានសម្បុរភ្លឺច្បាស់សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវផលនៃកម្មនេះថា ជនទាំងឡាយបានស្គាល់នូវខ្ញុំថា សុទិន្នា ខ្ញុំជាឧបាសិកា នៅក្នុងក្រុងរាជគ្រឹះ បរិបូណ៌ដោយ សទ្ធានិងសីល ត្រេកអរក្នុងការចែករំលែកនូវទាន សព្វកាល ខ្ញុំមានចិត្តជ្រះថ្លា ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿង ស្លៀកដណ្តប់ ភត្ត សេនាសនៈ និងគ្រឿងប្រទីប បានរក្សា ឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃ ទី ១៤ ទី ១៥ និង ទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមក្នុង សីលទាំងឡាយ សព្វកាល វៀរចាកបាណាតិបាត សង្រួម ចាកមុសាវាទ ឆ្ងាយចាកការលួច ចាកការប្រព្រឹត្តិកន្លង ( ចិត្ត ស្វាមី ) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃ ក្នុងអរិយសច្ច ជាឧបាសិកា នៃព្រះគោតម ព្រះអង្គ មានបញ្ញាចក្ខុ មានយស ព្រោះហេតុនោះ បានជាខ្ញុំមាន សម្បុរបែបនោះ ។