ឧឡារវិមានទី ១

ក្បាលទី 39 · ទំព័រ 261

( ព្រះមោគ្គល្លានសួរថា ) ម្នាលទេវតា នាងមានយស និង សម្បុរដ៏ឧត្តម ញ៉ាំងទិសទាំងពួងឲ្យភ្លឺច្បាស់ ពួកនារី និងពួកទេវបុត្ត បាន ប្រដាប់គ្រឿងអលង្ការ រាំ ច្រៀង រីករាយ ចោមរោម ដើម្បីបូជា ដល់នាង ម្នាលនាងសុទស្សនា វិមានទាំងឡាយ ជាវិការៈនៃមាសនេះ ជារបស់នាង ចំណែកនាងសោត ជាឥស្សរៈលើវិមានទាំងនោះ ញ៉ាំងសេចក្តីប្រាថ្នាទាំងពួង ឲ្យសម្រេច នាងមានជាតិល្អ ជាអ្នកធំ រីករាយ ក្នុងពួកទេវតា ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ ផលនៃកម្មនេះ តើដូចម្តេច ។ ( ទេវតានោះតបថា ) ខ្ញុំកាលកើតជាមនុស្ស ក្នុង ពួកមនុស្ស ជាកូនប្រសាក្នុងត្រកូលទ្រុស្តសីល ជាអ្នកមិនមានសទ្ធា ជាមនុស្សកំណាញ់ បុន្តែខ្ញុំជាអ្នកបរិបូណ៌ដោយសទ្ធា និងសីល បានប្រគេននំដល់លោកម្ចាស់ ដែលត្រាច់ទៅបិណ្ឌបាត ខ្ញុំមានចិត្ត ជ្រះថ្លា បានប្រគេននំដល់លោកម្ចាស់ដោយដៃរបស់ខ្លួន មាតាក្មេករបស់ខ្ញុំនោះ បានប្រទេចផ្តាសាថា ហងជ្រាស្តីមានគូស្រករ គេប្រដៅមិនបាន មិនប្រាថ្នា នឹងទទួលពាក្យអញ ក្នុងកាលនោះ មាតាក្មេកខ្ញុំខឹង ក៏សំពងខ្ញុំនឹងអង្រែ ត្រូវ ត្រង់ចង្កួយស្មាខ្ញុំ ខ្ញុំមិនអាចដើម្បីរស់នៅយូរបាន ខ្ញុំក៏បែកធ្លាយរាងកាយ ផុត ស្រឡះ ច្យុតចាកអត្តភាពនោះ បានមកកើតជាមួយនឹងពួកទេវតា ជាន់ តាវត្តិង្ស ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរល្អបែបនោះ ។ បេ ។ បានជា ខ្ញុំមានសម្បុរភ្លឺច្បាស់សព្វទិស ។