លតាវិមានទី ៤

ក្បាលទី 39 · ទំព័រ 283

ពួកទេវតា ឈ្មោះលតា ១ សជ្ជា ១ បវរា ១ អច្ឆិមុតី ១ សុតា ១ ជាធីតានៃស្តេចវេស្សវ័ណ ជាស្តេច ប្រសើរ មានសិរី ជាធីតាដ៏រុងរឿង មានប្រាជ្ញាល្អ ដោយ គុណធម៌ទាំងឡាយ ពួកនារីទាំង ៥ នាក់ បានទៅកាន់ស្ទឹង ដែលមានទឹកត្រជាក់ មានផ្កាឧប្បល ជាទីក្សេម ដើម្បីងូតក្នុង ហិមវន្តប្រទេសនេះ លុះពួកទេវតាទាំងនោះ បានងូតទឹកក្នុង ស្ទឹងនោះរួចហើយ ក៏រីករាយ រាំច្រៀងសប្បាយ ហើយនាង សុតា បាននិយាយនឹងនាងលតាថា ខ្ញុំសួរនាង ម្នាលនាងអ្នក ទ្រទ្រង់កម្រងផ្កាឧប្បល ទ្រទ្រង់ប្រដាប់ត្រចៀក មានសម្បុរស ្បែកល្អដូចមាសមាន ភ្នែកប្រកបដោយស្នាមក្រហមលឿង ល្អដូចអាកាស ( ដែលផុតចាកពពក ) ជ្រាស្តីមានអាយុវែង យសរបស់នាង តើបុណ្យអ្វីតាក់តែងឲ្យ ម្នាលនាងដ៏ចម្រើន នាងជាទីស្រឡាញ់បំផុតរបស់ប្តី នាងល្អឆើតឆាយដោយរូបជា ស្ត្រីឈ្លាសក្នុងការរាំ ច្រៀង ប្រគំ តើដោយបុណ្យដូចម្តេច ម្នាលនរនារី នាងដែលយើងសួរហើយ ចូរប្រាប់យើង ។ ( នាងលតាឆ្លើយថា ) ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស ជាកូនប្រសា ក្នុងត្រកូលមានភោគៈ ដ៏លើសលុប ខ្ញុំមិនមាន សេចក្តីក្រោធ ប្រព្រឹត្តតាមអំណាចស្វាមី មិនប្រមាទក្នុង ឧបោសថ ជាមនុស្សនៅក្មេង មិនទាន់ចាស់ មានចិត្តជ្រះថ្លា បានញ៉ាំងប្តីឲ្យប្រោសប្រាណ បានញ៉ាំងទេវតាដ៏ប្រសើរ គឺ ពុកក្មេក ម្តាយក្មេក ( និងបងប្អូនខាងប្តី ) ព្រមទាំងខ្ញុំប្រុស ខ្ញុំស្រី ឲ្យត្រេកអរ យសរបស់ខ្ញុំ ខ្ញុំបានធ្វើហើយក្នុងកាលនោះ ខ្ញុំនោះបានដល់នូវសេចក្តីវិសេស ក្នុងហេតុ ៤ យ៉ាងគឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ ដោយកុសលកម្មនោះ ខ្ញុំ បានភប់ប្រសព្វ នូវល្បែងជាទីរីករាយដ៏ច្រើន ។