អដ្ឋកថា គុត្តិលវិមានទី ៥

ក្បាលទី 39 · ទំព័រ 307

គុត្តិលវិមាន មានពាក្យផ្តើមថា សត្តតន្តឹ សុមធុរំ ដូច្នេះ ជាដើម ។ គុត្តិលវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគគង់នៅក្នុងក្រុងរាជគ្រឹះ ព្រះមហាមោគ្គល្លាន ចារិកទៅកាន់ទេវលោក តាមន័យដូចពោលហើយខាងដើមនោះឯង កាលទៅដល់ តាវត្តិង្ស ឃើញទេពធីតា ៣៦ អង្គ មួយអង្គ ៗ មានទេពអប្សរ មួយពាន់ជាបរិវារ សោយទិព្វសម្បត្តិធំ ក្នុងវិមានទាំង ៣៦ ដែលតាំងនៅក្នុង ឋានតាវត្តិង្សនោះ ទើបសួរដល់កម្មដែលទេពធីតានោះបានធ្វើមកក្នុងកាល មុន តាមលំដាប់ ដោយគាថា ៣ មានគាថាជាដើមថា អភិក្កន្តេន វណ្ណេន ដូច្នេះជាដើម សូម្បីទេពធីតាទាំងនោះ ក៏បានប្រាប់តាមលំដាប់ពាក្យសួររបស់ ព្រះមហាមោគ្គល្លានត្ថេរ ដោយពាក្យជាដើមថា វត្ថុត្តមទាយិកា នារី នារីឲ្យ នូវសំពត់ដ៏ឧត្តម ដូច្នេះជាដើម ។