អដ្ឋកថា ផលទាយិកាវិមាន

ក្បាលទី 39 · ទំព័រ 620

ផលទាយកវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ ដូច្នេះជាដើម ។ ផលទាយកវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នវិហារ នាក្រុងរាជគ្រឹះ សម័យ នោះ ព្រះបាទពិម្ពិសារ មានចំណង់ចង់សោយផ្លែស្វាយ ក្នុងវេលាពុំជួកាល ព្រះរាជាត្រាស់នឹងឧទ្យានបាលថា នែបា យើងចង់បរិភោគផ្លែស្វាយ ព្រោះ ដូច្នោះ ចូរអ្នកនាំផ្លែស្វាយមកឲ្យយើងចុះ ។ ឧទ្យានបាលក្រាបទូលថា បពិត្រ ព្រះអង្គ សម័យនេះស្វាយទាំងឡាយមិនទាន់មានផ្លែ តែបើទ្រង់រង់ចាំកាល បន្តិចបន្តួច ទូលបង្គំនឹងធ្វើឲ្យស្វាយចេញផ្លែបាន ក្នុងកាលមិនយូរឡើយ ។ ព្រះរាជាត្រាស់ថា សាធុ ចូរចាប់ផ្តើមធ្វើចុះ ។ ឧទ្យានបាល ទៅកាន់ឧទ្យាន យកដីម៉ដ្ឋត្រង់គល់ស្វាយចេញ ប្រមូលដីល្អិតថ្មីដាក់ចូល ស្រោចទឹកត្រង់នោះ មិនយូរប៉ុន្មានដើមស្វាយក៏លាស់ស្លឹក ។ ស្រេចហើយក៏យកដីម៉ដ្ឋនោះចេញ ដាក់ដីម៉ដ្ឋថ្មីចូលតាមប្រក្រតី ផ្សំជាមួយកាកមាក់ប្រាង ស្រោចដោយទឹកផ្អែម មិនយូរបុន្មាន ដើមស្វាយទាំងឡាយក៏ចេញពន្លកផ្កាតាមមែក ក្រពុំ ហើយ រីក ចេញក្តិបហើយចាស់ ។