អដ្ឋកថា គន្ធបញ្ចង្គុលិកវិមាន

ក្បាលទី 39 · ទំព័រ 308

គុត្តិលអាចារ្យ លុះត្រូវមាតាបិតាជួយសូម ទើបគិតថា ពាក្យរបស់គ្រូមានតម្លៃ ដូច្នេះទើបបង្រៀនសិប្បៈ ដល់មុសិលៈ ព្រោះគុត្តិលអាចារ្យ ប្រាសចាកសេចក្តីកំណាញ់ និងព្រោះមានសេចក្តីករុណា ទើបមិនធ្វើអាចរិយមុដ្ឋិ គឺលាក់ចំណេះទុក ឲ្យមុសិលៈសិក្សាទាំងអស់ ។ មុសិលៈនោះ ជាមនុស្សឈ្លាសវៃ ព្រោះសន្សំបុណ្យមកក្នុងកាលមុន និងព្រោះមិនខ្ជិលច្រអូស មិនយូរក៏រៀនចប់សិប្បៈ ទើបគិតថា ក្រុងពារាណសី នេះ ជានគរដ៏ប្រសើរក្នុងជម្ពូទ្វីប បើដូច្នោះអញគួរសម្តែងសិប្បៈដល់បរិស័ទ មុខព្រះទីនាំង ក្នុងនគរនេះ បើដូច្នោះអញនឹងល្បី ជាអ្នកដែលចេះក្រៃលែង ជាងអាចារ្យក្នុងជម្ពូទ្វីបដូច្នេះ ។