អដ្ឋកថា ទទ្ទល្លវិមានទី ៦

ក្បាលទី 39 · ទំព័រ 333

ទទ្ទល្លវិមាន មានពាក្យផ្តើមថា ទទ្ទល្លមានា វណ្ណេន ដូច្នេះ ជាដើម ។ ទទ្ទល្លវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពនមហាវិហារ អារាមរបស់ អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ កុដុម្ពិកៈម្នាក់ជាឧបដ្ឋាក របស់ព្រះរេវតៈចេញអំពីនាលកគាម មានធីតាពីរនាក់ ម្នាក់ឈ្មោះភទ្ទា ម្នាក់ ឈ្មោះសុភទ្ទា ក្នុងធីតាទាំងពីរនាក់នោះ នាងភទ្ទាទៅកាន់ត្រកូលស្វាមី នាង មានសទ្ធាជ្រះថ្លា ជាស្រីឈ្លាស តែជាស្រីអារមិនមានកូន ។ នាងភទ្ទាពោល នឹងស្វាមីថា ខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះសុភទ្ទា សូមអ្នកទៅនាំយកមក បើសុភទ្ទា នោះមានកូន កូននោះក៏ជាកូនរបស់ខ្ញុំដែរ ហើយវង្សត្រកូលនេះ ក៏មិនសាបសូន្យ ស្វាមីទទួលធ្វើតាមពាក្យភរិយាប្រាប់ ។ នាងភទ្ទាបានទូន្មាននាងសុភទ្ទាថា នែសុភទ្ទា ប្អូនស្រីត្រូវមានចិត្តត្រេកអរ ក្នុងការចែកទាន កុំប្រមាទក្នុងការប្រព្រឹត្តធម៌ដោយអាការៈយ៉ាងនេះ ប្រយោជន៍ ក្នុងបច្ចុប្បន្ន និងសម្បរាយភព ក៏នឹងនៅក្នុងកណ្តាប់ដៃរបស់ប្អូនពិត ។ នាង សុភទ្ទាតាំងនៅក្នុងឱវាទរបស់បងស្រី បដិបត្តិតាមដែលបងស្រីទូន្មាន ថ្ងៃមួយ នាងនិមន្តព្រះរេវតត្ថេរ ជាគម្រប់ ៨ ព្រះថេរៈ បំណងឲ្យនាងសុភទ្ទាសាង បុណ្យ ទើបនាំភិក្ខុ ៧ រូប ដោយចំពោះអំពីសង្ឃទៅកាន់ផ្ទះរបស់នាង នាង សុភទ្ទាមានចិត្តជ្រះថ្លា អង្គាសព្រះរេវតត្ថេរ និងភិក្ខុទាំងនោះដោយខាទនីយៈ ភោជនីយាហារដោយដៃរបស់ខ្លួនឯង ។