មល្លិកាវិមានទី ៨

ក្បាលទី 39 · ទំព័រ 359

( នារទត្ថេរសួរថា ) ម្នាលនាងមានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងអលង្ការលឿង នាងបើទុកជាមិនប្រដាប់ដោយសំពត់ ស្លៀក មានពណ៌លឿងទាំងឡាយ មានសាច់ដ៏ល្អិតក៏ដោយក៏នៅតែល្អ ម្នាល នាងអ្នកទ្រទ្រង់នូវគ្រឿងប្រដាប់ដៃ ជាវិការៈនៃមាស ស្អិតស្អាងដោយក្រវិល ជាវិការៈនៃមាស ពាសពេញដោយបណ្តាញ ជាវិការៈនៃមាស នាងជាអ្វី នាង មានកម្រងកែវផ្សេងៗ កម្រងជាវិការៈនៃមាសផង ជាវិការៈនៃកែវមណី មានពណ៌ ក្រហមផង ជាវិការៈនៃកែវមុក្តាផង ជាវិការៈនៃកែវពិទូរ្យ ផង កែវពព្រុសផង មួយអន្លើដោយកែវមានពណ៌ក្រហម ផង ដ៏វិចិត្រដោយកែវទាំងឡាយ ប្រាកដស្មើដោយភ្នែក ព្រាប បណ្តាកម្រងទាំងនុ៎ះ កម្រងមួយៗ មានសូរពីរោះ ដូចសំឡេងក្ងោក ដូចសំឡេងរាជហង្ស ( ឬ ) ពីរោះដូច សំឡេងករវិក សូរកម្រងទាំងនោះ មានភាពពីរោះ ឮ ហាក់ដូចជាតូរ្យតន្រ្តីប្រកបដោយអង្គ ៥ ដែលគេប្រគំហើយ ទាំងរថរបស់នាង ក៏មានសភាពស្អាតល្អ មានអវ័យវៈដ៏វិចិត្រហើយ ដោយ កែវផ្សេងៗ ដែលជាងចាត់ចែងហើយដោយធាតុទាំងឡាយ មានពណ៌ផ្សេងៗ សមល្អ នាងឋិតនៅលើរថនោះ មានពណ៌មានរូបប្រៀប ដោយមាស ញ៉ាំងប្រទេសនេះ ឲ្យភ្លឺរុងរឿង ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។ ( ទេវធីតាឆ្លើយថា ) ខ្ញុំមានចិត្តជ្រះថ្លាចំពោះព្រះគោតម ព្រះអង្គមានគុណប្រមាណមិនបាន ដែលទ្រង់បរិនិព្វាន ហើយ បានបូជាបណ្តាញមាសដ៏វិចិត្រដោយកែវមណី និងមាសរំលេចដោយកែវមុក្តា បាំងដោយសំណាញ់មាស ខ្ញុំបានធ្វើកុសលកម្មនោះ ដែលព្រះពុទ្ធទ្រង់សរសើរហើយ ប្រាសចាកសេចក្តី សោក ដល់នូវសេចក្តីសុខ មានចិត្តត្រេកអរព្រម ។