អដ្ឋកថា មល្លិកាវិមានទី ៨

ក្បាលទី 39 · ទំព័រ 360

មល្លិកាវិមាន មានពាក្យផ្តើមថា បីតវត្ថេ បីតធជេ ដូច្នេះ ជាដើម ។ មល្លិកាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគដ៏ជាលោកនាថ ទ្រង់បំពេញពុទ្ធកិច្ច ចាប់តាំងពី ទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ រហូតដល់ ទ្រង់ប្រោសសុភទ្ទបរិព្វាជកហើយ បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងពេលទៀបភ្លឺ ក្នុងថ្ងៃពេញ បូណ៌មីខែពិសាខ ក្នុងរវាងដើមសាលៈទាំងគូ ក្នុងព្រៃសាលវ័ននៃមល្លក្សត្រ ជិតក្រុងកុសិនារា ពួកទេវតានិងមនុស្ស នាំគ្នាធ្វើការបូជាព្រះសរីរៈរបស់ព្រះអង្គ ក្នុងគ្រានោះបុត្រីរបស់ស្តេចមល្លៈឈ្មោះមល្លិកា ជាភរិយារបស់ពន្ធុល- មល្លៈ ក្នុងក្រុងកុសិនារា ជាឧបាសិកាមានសទ្ធាជ្រះថ្លា យកទឹកក្រអូបលាង គ្រឿងប្រដាប់ មហាលតាបសាធនរបស់ខ្លួន ដូចគ្នានឹងរបស់នាងវិសាខា មហាឧបាសិកា ជូតដោយសំពត់សាច់ល្អ ហើយកាន់យកគ្រឿងក្រអូបនិងផ្កា ជាដើមច្រើនយ៉ាង ទៅបូជាព្រះសរីរៈរបស់ព្រះដ៏មានព្រះភាគ នេះជាសេចក្តី សង្ខេបក្នុងរឿងនេះ ។ ចំណែករឿងនាងមល្លិកាដោយពិស្តារ មកហើយក្នុង អដ្ឋកថាធម្មបទ ។ សម័យតមកនាងមល្លិកានោះ អស់ជីវិតទៅកើតក្នុងឋានសួគ៌ជាន់តាវត្តិង្ស ដោយអានុភាពនៃការបូជានោះ នាងមានទិព្វសម្បត្តិដ៏ឧឡារ មិនសាធារណៈ ដល់អ្នកដទៃ ។ វិមានប្រដាប់ដោយសំពត់ រុងរឿងដោយរតនៈ ៧ ប្រការ ដោយចំពោះយ៉ាងក្រៃលែង មានរស្មីពណ៌មាសផូរផង់ក្រៃលែង ប្រាកដដូច ខ្សែទឹកពណ៌មាស បាចសាចចុះមកគ្រប់ទិស ។ គ្រានោះព្រះនារទៈ ចារិកទៅកាន់ទេវលោក ឃើញទេពធីតានោះក៏ចូលទៅ រក ។ ទេពធីតានោះ ឃើញព្រះមហានារទៈ ក៏ឈរផ្គងអញ្ជលីនមស្ការ ទើបព្រះនារទៈសួរទេពធីតានោះថា ម្នាលនាងមានសំពត់លឿង មានទង់លឿង ស្អិតស្អាង ដោយគ្រឿងអលង្ការលឿង