បារិច្ឆត្តកវិមានទី ១០
( ព្រះមោគ្គល្លានសួរថា ) កាលនាងកាន់ផ្ការលួសផ្អុងទាំងឡាយ ឈ្មោះបារិច្ឆត្តកព្រឹក្ស គួររីករាយ គួរត្រេកអរនៃចិត្ត ហើយក្រងជាកម្រងទិព្វ ច្រៀង រីករាយ សប្បាយ កាលដែលនាងកំពុងរាំនោះ សំឡេងទិព្វទាំងឡាយ គួរស្តាប់ គួរជាទីរីករាយនៃចិត្ត រមែងលាន់ឮអំពីអវ័យវៈតូចធំទាំងឡាយដោយ សព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូបគួរ ជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវ័យវៈតូចធំទាំងឡាយ ដោយសព្វគ្រប់ នាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយណា ព្ធដ៏ផ្នួងសក់របស់នាង សំឡេងគឹកកង នៃគ្រឿងប្រដាប់ទាំងឡាយនោះ ឮដូចតូរ្យតន្រ្តីប្រកបដោយ អង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់មកប៉ះក៏កម្រើកដោយខ្យល់សូរ នៃគ្រឿងប្រដាប់ត្រចៀកទាំងនោះឮដូចតូរ្យតន្រ្តី ប្រកបដោយអង្គ ៥ កម្រង ផ្កាណាព្ធដ៏សិរ្សៈរបស់នាង មានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាទីរីករាយនៃចិត្ត ( ក្លិនកម្រងផ្កានោះ ) រមែងផ្សាយទៅសព្វទិស ហាក់ដូចដើមឪឡោក នាង តែងធុំក្លិនក្រអូបនោះតែងឃើញរូបដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។ ( ទេវតាឆ្លើយថា ) ខ្ញុំបានបង្អោននូវកម្រងផ្កាអសោក មានរស្មីភ្លឺផ្លេកប្រកបដោយ ពណ៌និងក្លិន ចំពោះព្រះពុទ្ធ ខ្ញុំបានធ្វើនូវកុសលកម្មនោះ ដែលព្រះពុទ្ធ ទ្រង់សរសើរហើយ បានប្រាសចាកសេចក្តីសោក បានដល់នូវសេចក្តីសុខ មានចិត្តត្រេកអរព្រម ។ ឧទ្ទាន និយាយអំពីឧឡារវិមាន ១ ឧច្ឆុវិមាន ១ បល្លង្កវិមាន ១ លតាវិមាន ១ គុត្តិលវិមាន ១ ទទ្ទល្លវិមាន ១ សេសវតីវិមាន ១ មល្លិកាវិមាន ១ វិសាលក្ខិវិមាន ១ បារិច្ឆត្តកវិមាន ១ ព្រោះហេតុនោះ ទើបហៅថា វគ្គ ។