មញ្ជិដ្ឋកវិមានទី ១
( ព្រះមោគ្គល្លានសួរថា ) នាងត្រេកអរ ដោយតូរ្យតន្រ្តីប្រកបដោយ អង្គ ៥ ដែលគេប្រគំពីរោះ ក្នុងវិមានកែវផលិកពណ៌ហង្សបាទ ក្រាល ខ្សាច់មាស នាងចុះចាកវិមាននោះ ដែលបុញ្ញកម្មនិម្មិតហើយ ជាវិការៈនៃកែវ ហើយចូលទៅកាន់ព្រៃសាលព្រឹក្ស មានផ្ការីកសព្វកាល ម្នាលទេវតា នាង ឋិតនៅជិតគល់សាលព្រឹក្សណាៗ ដើមសាលព្រឹក្សនោះៗ ជាឈើដ៏ឧត្តម រមែងទន់ទោរជម្រុះផ្កាចុះមក ព្រៃសាលព្រឹក្សក៏រញ្ជួយដោយខ្យល់ ត្រូវខ្យល់ បក់មករំភើយៗ មានពួកសត្វបក្សីនៅអាស្រ័យ ក្លិនក៏ផ្សាយទៅសព្វទិស ដូច ដើមឪឡោក នាងតែងធុំក្លិនក្រអូបនោះ តែងឃើញរូបដែលមិនមែនជាមនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី ។ ( ទេវតាឆ្លើយថា ) ខ្ញុំកាលកើតជាមនុស្សក្នុងពួកមនុស្ស ជាទាសីក្នុងផ្ទះ ចៅហ្វាយ ខ្ញុំបានឃើញព្រះពុទ្ធកំពុងគង់ បានរោយរាយផ្កាសាលព្រឹក្ស ខ្ញុំមាន ចិត្តជ្រះថ្លាបានបូជាគ្រឿងប្រដាប់ត្រចៀក ដែលធ្វើល្អហើយ ជាវិការៈនៃផ្កា សាលព្រឹក្សចំពោះព្រះសម្ពុទ្ធ ដោយដៃរបស់ខ្លួន ខ្ញុំបានធ្វើកុសលកម្មនោះដែល ព្រះពុទ្ធទ្រង់សរសើរហើយ បានប្រាសចាកសេចក្តីសោក ដល់នូវសេចក្តីសុខ មិនមានរោគមានចិត្តត្រេកអរព្រម ។