អដ្ឋកថា នាគវិមានទី ៣

ក្បាលទី 39 · ទំព័រ 392

នាគវិមាន មានពាក្យផ្តើមថា អលង្កតា មណិកញ្ចនាចិតំ ដូច្នេះជាដើម ។ នាគវិមាននេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឥសិបតនមិគទាយវ័ន ក្រុងពារាណសី សម័យនោះ ឧបាសិកាអ្នកពារាណសីម្នាក់ មានបសាទសទ្ធា បរិបូណ៌ដោយ សីលនិងមារយាទ នាងបោកគក់ជ្រលក់យ៉ាងល្អនូវគូសំពត់មួយគូឧទ្ទិសចំពោះ ព្រះដ៏មានព្រះភាគ ចូលគាល់ ដាក់សំពត់ទុកទៀបព្រះយុគលបាទរបស់ព្រះ ដ៏មានព្រះភាគ ក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គ សូមទ្រង់អនុគ្រោះទទួល នូវសំពត់ពីរនេះ ដែលជាប្រយោជន៍ ជាសុខអស់កាលយូរដល់ខ្ញុំព្រះអង្គផង ចុះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលគូសំពត់នោះ ទ្រង់ឃើញឧបនិស្ស័យ សម្បត្តិរបស់នាង ទើបទ្រង់សម្តែងធម៌ ។ លុះចប់ទេសនា នាងក៏តាំងនៅក្នុង សោតាបត្តិផល ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណហើយត្រឡប់ទៅ ផ្ទះ មិនយូរបុន្មាន នាងស្លាប់ទៅកើតក្នុងភពតាវត្តិង្ស បានជាទីស្និទ្ធស្នេហា របស់សក្កទេវរាជមានឈ្មោះថា យសុត្តរា ដោយបុញ្ញានុភាពរបស់នាងកុញ្ជរជាតិដ៏ប្រសើរ បានកើតឡើងគ្របដណ្តប់ដោយសំណាញ់មាស ត្រង់ករបស់ កុញ្ជរនោះ មានមណ្ឌបកែវមណី ត្រង់កណ្តាលមណ្ឌប ក៏មានរតនបល្ល័ង្ក ដែលតាក់តែងទុកយ៉ាងល្អ និងត្រង់ភ្លុកទាំងពីររបស់កុញ្ជរនោះ មានស្រះ បោក្ខរណីពីរ ដេរដាសទៅដោយផ្កាឈូករីកស្គុសស្គាយ គួរជាទីមនោរម្យ ក្នុងផ្កាឈូកនីមួយៗនោះ មានទេពធីតាឈរតាមត្របកឈូក ប្រគំតន្រ្តីប្រកបដោយ អង្គ ៥ រាំច្រៀង ។