អដ្ឋកថា អលោមវិមានទី ៤
អលោមវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះ ជាដើម ។ អលោមវិមាននេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគ គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ជិតក្រុង ពារាណសី ពេលព្រឹកទ្រង់ស្លៀកដណ្តប់ហើយ ទ្រង់កាន់បាត្រនិងចីវរ យាង ចូលទៅបិណ្ឌបាតក្នុងក្រុងពារាណសី ។ ក្នុងក្រុងពារាណសីនោះ មានស្រី ទុគ៌តម្នាក់ ឈ្មោះអលោមា ឃើញព្រះដ៏មានព្រះភាគហើយជ្រះថ្លា មិនឃើញ វត្ថុដែលគួរប្រគេន នាងគិតថា របស់បែបនេះ បើថ្វាយដល់ព្រះដ៏មានព្រះភាគ ហើយក៏នឹងមានផលច្រើនដល់អញ ទើបបង្អោននំកុម្មាសក្រៀម មិនប្រៃ ចូលទៅថ្វាយ ។ ព្រះដ៏មានព្រះភាគទ្រង់ទទួលនំនោះ ។ នាងទាញយកទាន នោះជាអារម្មណ៍ដោយសោមនស្ស ក្នុងកាលតមក នាងស្លាប់ទៅ កើតក្នុងឋាន តាវត្តិង្ស ។ ព្រះមហាមោគ្គល្លានសួរនាងថា ម្នាលទេវតា នាងមានសម្បុររុងរឿង ញ៉ាំងទិសទាំងពួងឲ្យ ភ្លឺច្បាស់ដូចផ្កាយព្រឹក សម្បុររបស់នាង ប្រាកដដូច្នោះ តើ ( សម្រេច ) ដោយបុណ្យដូចម្តេច ។ បេ ។ ទាំងសម្បុររបស់ នាងក៏ភ្លឺច្បាស់សព្វទិស ។ ទេវតានោះក៏បានឆ្លើយបញ្ញាដល់ព្រះថេរៈ ដើម្បីសម្តែងសេចក្តីនោះ ទើបព្រះសង្គីតិកាចារ្យពោលថា ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេននំកុម្មាសក្រៀមដល់ព្រះពុទ្ធ ជាអាទិច្ចពន្ធុ ទៀបក្រុងពារាណសី ដោយដៃរបស់ខ្លួន សូម លោកម្ចាស់មើលនូវផលនៃដុំនំកុម្មាសក្រៀមផង សាបផងចុះ អ្នកណាឃើញនាង អលោមា ជាស្រីដល់នូវសេចក្តីសុខហើយ នឹងមិនធ្វើនូវបុណ្យកើត ព្រោះហេតុនោះ បានជាសម្បុរ របស់ខ្ញុំ ប្រាកដដូច្នោះ ។