អដ្ឋកថា វិហារវិមានទី ៦
ក្បាលទី 39 · ទំព័រ 409
វិហារវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះ ជាដើម ។ វិហារវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តជេតពន នាក្រុងសាវត្ថី ។ ក្នុងសម័យ នោះ មហាឧបាសិកាវិសាខា មួយអន្លើដោយសម្លាញ់ និងបរិវារជននាំគ្នាងូតទឹក តែងខ្លួន ដើម្បីលេងឧទ្យានក្នុងថ្ងៃនក្ខត្តឫក្សមួយ ។ នាងបរិភោគអាហារ យ៉ាងល្អ ប្រដាប់មហាលតាបសាធន៍ ចោមរោមដោយសម្លាញ់ប្រមាណ ៥០០ នាក់ ចេញអំពីផ្ទះដោយឥស្សរិយយសដ៏ធំ ដោយបរិវារធំ កំពុងដើរតម្រង់ ទៅកាន់ឧទ្យាន គិតថា ប្រយោជន៍អ្វីរបស់អញដោយការលេងឥតប្រយោជន៍ ទទេ ដូចក្មេងស្រីតូចៗ ណ្ហើយចុះ អញនឹងទៅវិហារថ្វាយបង្គំព្រះដ៏មានព្រះភាគ និងថ្វាយបង្គំលោកម្ចាស់ទាំងឡាយ ដែលគួរជាទីត្រេកអរ ហើយស្តាប់ ធម៌ ។