អម្ពវិមានទី ៨

ក្បាលទី 39 · ទំព័រ 430

( ព្រះមោគ្គល្លានសួរថា ) ព្រៃស្វាយរបស់នាងជាទិព្វ គួរសប្បាយ មានប្រាសាទខ្ពស់ធំទូលាយ ក្នុងព្រៃស្វាយនុ៎ះ សឹងរងំដោយតូរ្យតន្រ្តីផ្សេងៗ គឹកកងដោយពួកស្រីអប្សរ ទាំងប្រទីបជ្វាលាដ៏ធំ ជាវិការៈនៃមាស មានពួក ឈើដែលផ្លែចេញជាសំពត់ព័ទ្ធជុំវិញ ក៏ភ្លឺរុងរឿងក្នុងប្រាសាទនោះជានិច្ច ព្រៃ ស្វាយរបស់នាងជាទិព្វ គួរសប្បាយ មានប្រាសាទខ្ពស់ធំទូលាយ តើសម្រេច ដោយបុណ្យដូចម្តេច សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយបុណ្យ ដូចម្តេច ។ បេ ។ ទាំងសម្បុររបស់នាងក៏ភ្លឺច្បាស់សព្វទិស ។ ទេវតានោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ ផល នៃកម្មនេះថា ខ្ញុំកាលជាតិមុន កើតជាមនុស្សក ្នុងពួកមនុស្ស នាមនុស្សលោក បានឲ្យជាងធ្វើវិហារ ឧទ្ទិសចំពោះសង្ឃ មានដើមស្វាយព័ទ្ធជុំវិញ កាលធ្វើ វិហាររួចស្រេចហើយ បានធ្វើបុណ្យឆ្លង ខ្ញុំបានដណ្តប់រុំដើមស្វាយទាំងឡាយ ធ្វើផ្លែទាំងឡាយ ជាវិការៈនៃសំពត់ អុជប្រទីបភ្លឺរុងរឿង ក្នុងព្រៃស្វាយនោះ បានញ៉ាំងព្រះសង្ឃដ៏ឧត្តមជាងគណៈឲ្យឆាន់ ក៏មានចិត្តជ្រះថ្លា បានវេរវិហារ នោះចំពោះសង្ឃដោយដៃរបស់ខ្លួន ដោយបុញ្ញកម្មនោះ ទើបខ្ញុំមានព្រៃស្វាយ គួរសប្បាយ មានប្រាសាទខ្ពស់ធំទូលាយ ក្នុងព្រៃស្វាយនោះ សឹងរងំដោយ តូរ្យតន្រ្តីផ្សេងៗ គឹកកងដោយពួកស្រីអប្សរ ទាំងប្រទីបជ្វាលាដ៏ធំ ជាវិការៈនៃ មាស មានពួកឈើផ្លែចេញជាសំពត់ព័ទ្ធជុំវិញ ភ្លឺរុងរឿង ក្នុងប្រាសាទនោះ ជានិច្ច សម្បុររបស់ខ្ញុំប្រាកដដូច្នោះ សម្រេចដោយបុណ្យនោះ ។ បេ ។ ទាំង សម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។