អដ្ឋកថា អម្ពវិមានទី ៨

ក្បាលទី 39 · ទំព័រ 431

អម្ពវិមាន មានពាក្យផ្តើមថា ទិព្វំ តេ អម្ពវនំ រម្មំ ដូច្នេះ ជាដើម ។ អម្ពវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់ក្នុងវត្តជេតពន នាក្រុងសាវត្ថី ។ សម័យនោះ ឧបាសិកាម្នាក់ក្នុងក្រុងសាវត្ថី បានស្តាប់ថា ការថ្វាយអាវាស មានផលច្រើន និងមានអានិសង្សច្រើន កើតនូវឆន្ទៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក្រាប ទូលយ៉ាងនេះថា បពិត្រព្រះអង្គ ខ្ញុំព្រះអង្គបំណងសាងអាវាសមួយកន្លែងសូម ទ្រង់ត្រាស់ប្រាប់ឱកាសបែបនោះផងចុះ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ប្រាប់ ដល់ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយបានសម្តែងទីឲ្យឧបាសិកានោះ ។ នាងបាន សាងអាវាសគួរជាទីរីករាយក្នុងទីនោះ ហើយបានដាំដើមស្វាយជុំវិញអាវាស នោះ ។ អាវាសនោះមានដើមស្វាយរៀងគ្នាជុំវិញ សម្បូរដោយម្លប់និងទឹក មានផ្ទៃរាបស្មើ ដេរដាសដោយខ្សាច់ ដូចគ្នានឹងសំណាញ់កែវមុក្តា ដែលគួរ ចាប់ចិត្តពន់ពេក ។ នាងតាក់តែងវិហារនោះ ដោយសំពត់ពណ៌ផ្សេងៗ និងដោយកម្រងផ្កា កម្រងគ្រឿងក្រអូបជាដើម រហូតមើលទៅដូចគ្នានឹងទេវវិមាន តាំងចង្កៀង និងយកសំពត់ថ្មីរុំដើមស្វាយទាំងឡាយ ហើយវេរថ្វាយសង្ឃ ។ ក្រោយមកនាងធ្វើកាលកិរិយា ទៅកើតឋានសួគ៌ជាន់តាវត្តិង្ស វិមានដ៏ ធំស្កឹមស្កៃ លម្អដោយដើមស្វាយបានប្រាកដដល់នាង ។ នាងចោមរោមដោយ ពួកទេពអប្សរ សោយទិព្វសម្បត្តិក្នុងវិមាននោះ ព្រះមហាមោគ្គល្លានចូលទៅរក នាងហើយ សួរដោយគាថាទាំងនេះថា ព្រៃស្វាយរបស់នាងជាទិព្វ គួរសប្បាយ មានប្រាសាទខ្ពស់ ធំទូលាយ ក្នុងព្រៃស្វាយនុ៎ះ សឹងរងំដោយតូរ្យតន្រ្តីផ្សេង ៗ គឹកកងដោយពួកស្រីអប្សរ ទាំងប្រទីបជ្វាលាដ៏ធំ ជាវិការៈនៃ មាស មានពួកឈើដែលផ្លែចេញជាសំពត់ព័ទ្ធជុំវិញ ក៏ភ្លឺរុងរឿង ក្នុង