អដ្ឋកថា បីតវិមានទី ៩
បីតវិមាន មានពាក្យផ្តើមថា បីតវត្ថេ បីតធជេ ដូច្នេះ ជាដើម ។ បីតវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ កាលព្រះដ៏មានព្រះភាគ រំលត់ខន្ធបរិនិព្វាន ព្រះបាទអជាតសត្តុនាំព្រះធាតុដែលទ្រង់បានទទួលចំណែក មកសាងព្រះស្តូប និងធ្វើបុណ្យឆ្លង ។ ឧបាសិកាអ្នករាជគ្រឹះម្នាក់ បដិបត្តិសរីរកិច្ចអំពីព្រលឹម គិតថានឹងបូជាព្រះសាស្តា កាន់ផ្កាននោង ៤ តាមដែលរកបាន មានសទ្ធា កើតឆន្ទៈ ឧស្សាហៈ ក្នុងចិត្តដោយកម្លាំងសទ្ធា មិនបានគិតដល់អន្តរាយក្នុងផ្លូវ មានមុខទៅកាន់ ព្រះស្តូប ។ ខណៈនោះ មេគោកូនខ្ចីរត់ច្រាសផ្លូវមកដោយរហ័ស បុសឧបាសិកា នោះឲ្យអស់ជីវិត នាងធ្វើកាលកិរិយាក្នុងខណៈនោះឯង កើតក្នុងឋានសួគ៌ជាន់ តាវត្តិង្ស បានប្រាកដខ្លួនឡើងមួយអន្លើដោយរថ ក្នុងកណ្តាលទេពអប្សរ ពីរ កោដិកន្លះ ដែលជាបរិវាររបស់សក្កទេវរាជ ដែលកំពុងប្រពាសឧទ្យាន គ្រប សង្កត់នូវទេពធីតាទាំងអស់ ដោយរស្មីរាងកាយរបស់ខ្លួន ។ សក្កទេវរាជទ្រង់ ទតឃើញដូច្នោះ ទ្រង់គយគន់មិនឆ្អែត កើតអស្ចារ្យមិនធ្លាប់កើត ទ្រង់ព្រះតម្រិះ ថា ដោយកម្មដ៏ក្រៃលែងដូចម្តេចហ្ន៎ ទើបទេពធីតានេះ បាននូវទេវឫទ្ធិ ដ៏ធំក្រៃលែងបែបនេះ ដូច្នេះហើយ ត្រាស់សួរទេពធីតានោះ ដោយគាថាទាំងនេះ ថា ម្នាលនាងដ៏ចម្រើន មានសំពត់លឿង មានទង់លឿង ស្អិត ស្អាងដោយគ្រឿងប្រដាប់មានពណ៌លឿង មានអវ័យវៈលាប ដោយខ្លឹមចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង មានប្រាសាទ និងទីដេកលឿង មានទីអង្គុយលឿង មានភោជនលឿង មាន ឆត្រលឿង មានរថលឿង មានសែលឿង មានផ្លិតលឿង នាង បានធ្វើអំពើដូចម្តេច ក្នុងភពជារបស់មនុស្សក ្នុងកាលមុន ម្នាលទេវតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃ កម្មអ្វី ។