អដ្ឋកថា នន្ទនវិមានទី ១១

ក្បាលទី 39 · ទំព័រ 449

វន្ទនវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះជាដើម ។ វន្ទនវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគកាលគង់នៅក្នុងក្រុងសាវត្ថី សម័យនោះភិក្ខុច្រើនរូប ចាំវស្សាក្នុងអាវាសក្បែរស្រុកមួយកន្លែង កាលចេញវស្សាបវារណាហើយ ទុកដាក់ សេនាសនៈ កាន់បាត្រ ចីវរ មានមុខទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ ព្រះដ៏មានព្រះភាគ ឆ្លងកាត់តាមតំបន់មួយ ។ ស្រីម្នាក់ក្នុងស្រុកនោះ ឃើញ ភិក្ខុទាំងឡាយហើយមានចិត្តជ្រះថ្លា កើតនូវសេចក្តីគោរពក្រៃលែង ថ្វាយបង្គំ ដោយបញ្ចង្គប្រតិស្ឋាន ហើយផ្គងអញ្ជលីទុកលើក្បាល ឈរបើកភ្នែកសម្តែង នូវការជ្រះថ្លា សម្លឹងមើលរហូតផុតកន្ទុយភ្នែក ។ សម័យតមក ស្រីនោះធ្វើកាលកិរិយាទៅកើតក្នុងឋានសួគ៌ជាន់តាវត្តិង្ស គ្រានោះ ព្រះមហាមោគ្គល្លាន បានសាកសួរទេពធីតានោះ ដែលសោយទិព្វ សម្បត្តិក្នុងឋានតាវត្តិង្សនោះ ដោយគាថាទាំងនេះថា ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ញ៉ាំងទិសទាំងពួងឲ្យ ភ្លឺច្បាស់ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះតើសម្រេច ដោយបុណ្យដូចម្តេច ។ បេ ។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់ សព្វទិស ។ ទេវតានោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រ េកអរ ។ បេ ។ ផលនៃកម្មនេះថា ខ្ញុំកាលកើតជាមនុស្ស ក្នុងពួកមនុស្ស បានឃើញពួក សមណៈអ្នកមានសីល ក៏ថ្វាយបង្គំបាទា ហើយញ៉ាំងចិត្តឲ្យ ជ្រះថ្លា ត្រេកអរ បានធ្វើអញ្ជលិកម្ម ( ចំពោះសមណៈទាំងនោះ ) ព្រោះហេតុនោះ បានជាសម្បុររបស់ខ្ញុំប្រាកដដូច្នោះ ។ បេ ។ ទាំងសម្បុររបស់ខ្ញុំក៏ភ្លឺច្បាស់សព្វទិស ។ ទេពធីតា បានព្យាករណ៍ដោយគាថាទាំងនេះ ដូចពោលមកដូច្នេះ ។