អដ្ឋកថា រជ្ជុវិមានទី ១២
រជ្ជុមាលាវិមាន មានពាក្យផ្តើមថា អភិក្កន្តេន វណ្ណេន ដូច្នេះ ជាដើម ។ រជ្ជុមាលាវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារជេតពន ក្រុងសាវត្ថី សម័យនោះ ព្រាហ្មណ៍ម្នាក់ក្នុងស្រុក គយា បានឲ្យធីតាដល់កូនប្រុសរបស់ព្រាហ្មណ៍ម្នាក់ ក្នុងស្រុកនោះឯង ។ នាងមានប្តីហើយ ក៏តាំងខ្លួនជាធំក្នុងផ្ទះនោះ នាងឃើញ កូនទាសីក្នុងផ្ទះនោះហើយ មិនពេញចិត្តតាំងពីឃើញមក ក៏សម្តែងអាការៈ អាក់អន់ ជេរប្រទេចដោយសេចក្តីក្រោធ និងវាយដំដល់កូនទាសីនោះ កាល កូនទាសីធំឡើងល្មមធ្វើការងារបាន ស្រីនោះក៏ប្រើជង្គង់ កែង វាយដំ កូន ទាសីនោះ ដូចចងអាឃាតមកក្នុងជាតិមុនៗ ច្រើនជាតិនោះឯង ។ បានឮថា ទាសីនេះធ្លាប់ជាចៅហ្វាយរបស់ស្រីនេះ ក្នុងសាសនាព្រះកស្សប ទសពល ។ ចៅហ្វាយនោះ បានវាយទាសីនោះដោយដុំដី ដំបងនិង កណ្តាប់ដៃជាដើមរឿយៗ ទាសីធុញទ្រាន់ក្នុងទារុណកម្មនោះ បានធ្វើបុណ្យ ទាំងឡាយ មានទានជាដើមតាមកម្លាំង តាំងសេចក្តីប្រាថ្នាថា ក្នុងអនាគត ខ្ញុំសូមមានភាពជាធំលើស្រីនេះ ។ ក្រោយមកទាសីនោះ ចុតិចាកអត្តភាពនោះហើយ វិលវល់ទៅមកក្នុង ពុទ្ធបាទកាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងតំបន់គយា មានស្វាមីតាម ន័យដូចពោលហើយ ។ ចំណែកស្រីដែលជាចៅហ្វាយក្នុងកាលមុន បានជា ទាសីរបស់នាង ក៏កើតការបៀតបៀន ព្រោះចងអាឃាតគ្នាទុកក្នុងកាលនោះ ។ កាលបៀតបៀនគ្នាយ៉ាងនេះ រមែងបៀតបៀនដោយហេតុដែលមិនសម គួរឡើយ នាងបានក្របួចសក់ ប្រើដៃនិងជើងវាយទាត់ធាក់ពេញទំហឹង ទាសី នោះទៅកាន់សាលាងូតទឹក កោរសក់ចោល ស្រីជាចៅហ្វាយពោលថា វុឺយ មេទាសីអាក្រក់ ហងកោរត្រងោល ហងរួចខ្លួនឬ ហើយយកខ្សែចងក្បាល ទាញឲ្យដួលវាយក្នុងទីនោះ មិនឲ្យស្រាយខ្សែនោះ