អដ្ឋកថា ឆត្តមាណវកវិមានទី ៣
ឆត្តមាណវកវិមាន មានពាក្យផ្តើមថា យោ វទតំ បវរោ មនុជេសុ ជាដើម ។ ឆត្តមាណវកវិមាននេះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគគង់នៅក្នុងព្រះវិហារជេតពន នាក្រុងសាវត្ថី សម័យ នោះ មានព្រាហ្មណមាណពម្នាក់ឈ្មោះឆត្តៈ ជាកូនដែលបានមកដោយលំបាក របស់ព្រាហ្មណ៍ម្នាក់ ក្នុងសេតព្យនគរ ។ មាណពនោះចម្រើនវ័យហើយ បិតា បញ្ជូនទៅកាន់ឧក្កដ្ឋនគរ រៀនមន្តនិងវិជ្ជាទាំងឡាយក្នុងសម្នាក់របស់ព្រាហ្មណ៍ ឈ្មោះបោក្ខរសាតិ មិនយូរបុន្មាន ក៏សម្រេចការសិក្សាក្នុងសិប្បៈព្រាហ្មណ៍ ព្រោះជាបុគ្គលមានបញ្ញានិងមិនខ្ជិលច្រអូស បុរសនោះពោលនឹងអាចារ្យថា ខ្ញុំ សិក្សាសិប្បៈក្នុងសម្នាក់របស់លោកអាចារ្យហើយ ខ្ញុំនឹងឲ្យទក្ខិណា គឺតម្លៃបូជា អាចារ្យ ដល់លោកអាចារ្យដូចម្តេច ។ អាចារ្យពោលថា ធម្មតាទក្ខិណា គឺ ការបូជាគ្រូ ត្រូវសមគួរដល់ទ្រព្យសម្បត្តិរបស់អន្តេវាសិក ចូរអ្នកនាំកហាបណៈ ១ ពាន់មក ឆត្តមាណពសំពះលាអាចារ្យត្រឡប់មកកាន់សេតព្យនគរ ថ្វាយបង្គំមាតាបិតា មាតាបិតាក៏ត្រេកអរធ្វើបដិសណ្ឋារៈទទួល មាណពប្រាប់ សេចក្តីនោះដល់បិតា ពោលថា សូមឲ្យរបស់ដែលគួរឲ្យដល់ខ្ញុំចុះ ខ្ញុំនឹងឲ្យ តម្លៃបូជាគ្រូក្នុងថ្ងៃនេះឯង ហើយនឹងត្រឡប់មក មាតាបិតាពោលថា នែកូន ថ្ងៃនេះព្រលប់ហើយ ថ្ងៃស្អែកសឹមទៅ ហើយនាំកហាបណៈទាំងឡាយមកវេច ឲ្យកូន ហើយទុក ។ ពួកចោរបានដឹងរឿងនោះ ពួនក្នុងដងព្រៃមួយកន្លែង ក្នុងផ្លូវដែលឆត្ត មាណពទៅដោយគិតថា នឹងសម្លាប់ឆត្តមាណព ហើយដណ្តើមយកកហាបណៈ ទាំងឡាយ ។