អដ្ឋកថា ទ្វារបាលកវិមានទី ៥
ទ្វារបាលកវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ ជាដើម ។ ទ្វារបាលកវិមាន មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវិហារវេឡុវ័ន នាក្រុងរាជគ្រឹះ សម័យ នោះឧបាសកម្នាក់ក្នុងក្រុងរាជគ្រឹះ ថ្វាយនិច្ចភត្ត ៤ សម្រាប់ ដល់ព្រះសង្ឃ ផ្ទះរបស់ឧបាសកនោះនៅខាងចុងស្រុក ដោយច្រើនតែងបិទទ្វារដើម្បីការពារ ចោរ ភិក្ខុទាំងឡាយទៅហើយ ជួនកាលមិនបានភត្តក៏នាំគ្នាត្រឡប់ ព្រោះ ទ្វារបិទ ឧបាសក ពោលនឹងភរិយាថា នែនាង នាងប្រគេនភិក្ខាដល់លោក ម្ចាស់ទាំងឡាយដោយគោរពឬ ភរិយាពោលថា លោកម្ចាស់ទាំងឡាយខានមក ច្រើនថ្ងៃហើយ ឧបាសកសួរថា ព្រោះហេតុអ្វី ភរិយាពោលថា ឃើញទ្វារបិទ ឧបាសកស្តាប់ដូច្នោះ សង្វេគ ក៏តាំងបុរសម្នាក់ឲ្យជាអ្នកយាមទ្វារ ប្រាប់ថា តាំងអំពីថ្ងៃនេះទៅអ្នកចូរអង្គុយយាមទ្វារ លោកម្ចាស់ទាំងឡាយនិមន្តមកក្នុង កាលណា ចូរនិមន្តលោកឲ្យចូលផ្ទះក្នុងកាលនោះ ហើយចូរដឹងកិច្ចដែលត្រូវ ធ្វើទាំងពួង មានទទួលបាត្រនិងក្រាលអាសនៈជាដើម ដល់លោកម្ចាស់ដែល ចូលផ្ទះហើយ បុរសនោះក៏ទទួលថា សាធុ កាលធ្វើតាមពាក្យដែលបានស្តាប់ ធម៌ក្នុងសម្នាក់របស់ភិក្ខុទាំងឡាយក៏កើតសទ្ធាជឿកម្មនិងផលនៃកម្ម តាំងនៅក្នុង សរណៈនិងសីលទាំងឡាយ បានទំនុកបម្រុងភិក្ខុទាំងឡាយដោយគោរព ។ ក្នុងកាលតមក ឧបាសកដែលថ្វាយនិច្ចភត្ត ស្លាប់ទៅកើតក្នុងឋានសួគ៌ ជាយាមៈ ចំណែកអ្នកយាមទ្វារ បម្រើភិក្ខុទាំងឡាយដោយគោរព កើតក្នុង ឋានសួគ៌ជាន់តាវត្តិង្ស ព្រោះធ្វើនូវការខ្វល់ខ្វាយក្នុងការបរិច្ចាគរបស់អ្នកដទៃ និងព្រោះអនុមោទនា ។ សម្បត្តិគ្រប់យ៉ាង មានវិមានមាស ១២ យោជន៍ ជាដើម របស់បុរសនោះ គប្បីជ្រាបតាមន័យដែលពោលហើយ ក្នុងកក្កដករសវិមាននោះឯង ។