អដ្ឋកថា ករណីយវិមានទី ៦
បឋមករណីវិមាន មានពាក្យផ្តើមថា ឧច្ចមិទំ មណិថូណំ ជាដើម ។ បឋមករណីវិមាននោះ មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះដ៏មានព្រះភាគ គង់នៅក្នុងព្រះវិហារជេតពននាក្រុងសាវត្ថី សម័យ នោះ ឧបាសកអ្នកក្រុងសាវត្ថីម្នាក់ កាន់គ្រឿងសម្រាប់ងូតទឹក ទៅកាន់ស្ទឹង អចិរវតីងូតហើយ កំពុងដើរមក ឃើញព្រះដ៏មានព្រះភាគយាងបិណ្ឌបាត ក្នុងក្រុងសាវត្ថី ចូលទៅថ្វាយបង្គំហើយ ក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គ ទ្រង់មានអ្នកណានិមន្តហើយឬ ព្រះដ៏មានព្រះភាគទ្រង់តុណ្ហីភាព ឧបាសក នោះជ្រាបថា មិនទាន់មានអ្នកណានិមន្ត ក្រាបទូលថា បពិត្រព្រះអង្គ សូម ទ្រង់អនុគ្រោះទទួលភត្តាហាររបស់ខ្ញុំព្រះអង្គចុះ ព្រះដ៏មានព្រះភាគទ្រង់ទទួល និមន្តដោយតុណ្ហីភាព ឧបាសកនោះត្រេកអរ នាំព្រះដ៏មានព្រះភាគទៅកាន់ ផ្ទះក្រាលនូវអាសនៈដែលសមគួរដល់ព្រះពុទ្ធ ហើយនិមន្តព្រះដ៏មានព្រះភាគ ឲ្យគង់លើអាសនៈនោះ អង្គាសរហូតឆ្អែតស្កប់ស្កល់ដោយបាយទឹកដ៏ប្រណីត ព្រះដ៏មានព្រះភាគសោយស្រេចហើយ ទ្រង់ធ្វើអនុមោទនាដល់ឧបាសកនោះ យាងចៀសចេញទៅ រឿងដ៏សេស ដូចគ្នានឹងវិមានដែលពោលមកបន្តបន្ទាប់ គ្នានោះ ព្រោះហេតុនោះ ទើបលោកពោលថា វិមានដ៏ខ្ពស់នេះមានសសរធ្វើអំពើកែវមណី មានទំហំជុំវិញ ១២ យោជន៍ ។ បេ ។ ទាំងសម្បុររបស់អ្នកក៏ភ្លឺច្បាស់សព្វ ទិស ។ ទេវបុត្តនោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ។ បេ ។ នូវផលនៃបុញ្ញកម្មនេះថា បណ្ឌិតអ្នកស្គាល់ច្បាស់ ( នូវអំពើឥតប្រយោជន៍ មានប្រយោជន៍ ) គួរតែធ្វើបុណ្យទាំងឡាយ ទានដែលគេថ្វាយចំពោះ ព្រះពុទ្ធទាំងឡាយ ព្រះអង្គប្រតិបត្តិល្អ រមែងមានផលច្រើន ព្រះពុទ្ធ ទ្រង់ស្តេចចេញអំពីព្រៃមកកាន់ស្រុក ដើម្បីសេចក្តី ចម្រើនដល់ខ្ញុំជាប្រាកដ