ទុតិយអគារិយវិមានទី ២
ក្បាលទី 39 · ទំព័រ 617
( ព្រះមោគ្គល្លានសួរថា ) ចិត្តលតាវ័ន ជាឱទ្យាន ប្រសើរខ្ពង់ខ្ពស់ របស់តាវត្តិង្សទេវតាទាំងឡាយ ភ្លឺរុងរឿង យ៉ាងណា វិមានរបស់អ្នកក៏ភ្លឺព្រោងព្រាយ ឋិតនៅក្នុងអាកាស យាងនោះដែរ អ្នកបានសម្រេចនូវទេវឫទ្ធិ ជាបុគ្គលមានអានុភាពច្រើន កាលអ្នកកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្តេច អ្នកមានអានុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នកទៀតក៏ ភ្លឺច្បាស់សព្វទិស តើដោយបុញ្ញកម្មដូចម្តេច ។ ទេវបុត្តនោះ ដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ បេ ។ នូវ ផលនៃបុញ្ញកម្មនេះថា ខ្ញុំនិងភរិយា ( កាលនៅ ) ក្នុងមនុស្សលោក បាននៅគ្រប់គ្រង ផ្ទះ ជាអ្នកមានចិត្តជ្រះថ្លា មានសភាពដូចជាអណ្តូងទឹក បាន ឲ្យបាយនិងទឹកជាទានដ៏ច្រើនដោយគោរព សម្បុររបស់ខ្ញុំប្រាកដដូច្នោះ ព្រោះបុញ្ញកម្មនោះឯង ។ បេ ។ ទាំងសម្បុររបស់ខ្ញុំ ក៏ភ្លឺច្បាស់សព្វទិស ។